ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥
នៅទីបំផុតកញ្ញា អ៊ិន លក្ខិណា បានសម្រេចគោលបំណងរបស់ខ្លួនហើយក្រោយពីរង់ចាំអស់ជាច្រើនឆ្នាំពីការបង្ហាញវត្តមានលើឆាកអន្តរជាតិក្នុងកម្មវិថី Miss Cosmo នៅប្រទេស វៀតណាម នាដើមខែ កញ្ញា ខាងមុខ ដោយមានការសាទរជាខ្លាំងពីមហាជន ។ ទីបំផុតក្តីប្រាថ្នាធំរបស់កញ្ញា អុិន លក្ខិណា បានក្លាយទៅជាការពិតហើយ បន្ទាប់ពីស្ថាប័នធំមួយបានជ្រើសរើសនាងជាប់ដោយស្វ័យប្រវត្តិតំណាង កម្ពុជា ចូលរួមប្រកួត Miss Cosmo នៅប្រទេស វៀតណាម ។ កញ្ញាបានបង្ហាញក្ដី រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកនៅពេលដែលដឹងថាខ្លួនអាចឡើងទៅឆាកអន្តរជាតិជាលើកទី ២ ។
អតីតលំដាប់រងទី ២ Miss Grand Cambodia 2023 រូបនេះនៅតែចិញ្ចឹមចិត្តចង់ចេញទៅឆាកអន្តរជាតិ បើទោះបីជានាងធ្លាប់បរាជ័យក្នុងការប្រកួតច្រើនលើកមកហើយក្តី ។ ដោយឡែកថ្មីៗនេះមហាជនជាច្រើនកំពុងភ្ញាក់ផ្អើលបន្ទាប់ពីអ្នករៀបចំកម្មវិធីប្រកួត Miss CoSmo បានប្រកាសថាកញ្ញាជា Miss Cosmo Cambodia នៅក្នុងឆ្នាំនេះ ទោះបីជាមិនបានឆ្លងកាត់ការប្រកួតណាមួយតែនាងពិតជាមានសំណាងណាស់ ដែលត្រូវបានជ្រើសរើស ។ ជុំវិញនៃការក្លាយខ្លួនជា Miss Cosmo Cambodia របស់កញ្ញា នៅក្នុងឆ្នាំនេះ គឺនាងបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ។
កញ្ញា អ៊ិន លក្ខិណា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា នាងពិតជារំភើបចិត្តខ្លាំងណាស់ដែលជាប់ជា Miss Cosmo តំណាង កម្ពុជា ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិសារជាថ្មី នាងមិននឹកស្មានថា ក្តីស្រមៃធំក្នុងជីវិតរបស់ខ្លួនអាចក្លាយទៅជាការពិតឡើយ ។ តែមុននឹងជាប់ជា Miss Cosmo នេះ គឺនាងធ្លាប់បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន មិននឹកស្មានថា អ្នករៀបចំ Miss Cosmo នឹងជ្រើសរើសយកនាងនោះទេ ។
បវរកញ្ញារូបនេះ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីតំណាង កម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីបានខំហ្វឹតហាត់លត់ដំខ្លួនអស់ពេលរាប់ឆ្នាំ ទន្ទឹមនិងការត្រៀមខ្លួនចេញទៅប្រកួត Miss Cosmo នៅប្រទេស វៀតណាម នៅក្នុងដើមខែ កញ្ញា ខាងមុខនេះ។
កញ្ញា អ៊ិន លក្ខិណា បានបង្ហើបប្រាប់ថា នាងមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចេញទៅដណ្តើមមកុដដ៏ធំនេះ ដោយសារនាងធ្លាប់ឆ្លងកាត់នូវជំងឺបាក់ទឹកចិត្ត និងស្វែងយល់ពីរឿងនេះច្រើន ដូច្នេះហើយទើបនាងចង់ប្រើសម្លេងរបស់ខ្លួនដើម្បីលើកស្ទួយ ក៏ដូចជាចែករំលែកនូវអ្វីដែលខ្លួនបានជួបប្រទះទៅកាន់ស្រ្តីជុំវិញពិភពលោកឱ្យបានដឹងលឺ ។ ជូនពរកញ្ញា អ៊ិន លក្ខិណា ជោគជ័យនៅក្នុងការប្រកួតលើឆាកអន្តរជាតិជាលើកទី ២ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន