ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥

ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា

០៥ សីហា ២០២៥ | សេដ្ឋកិច្ច

 

ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Manufacturing បានបង្ហាញអំពី គម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជាដល់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

 

នាថ្ងៃទី១ ខែសីហា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Kensuke Tsuchiya  ប្រធានក្រុមហ៊ុន Toyota Tsusho Manufacturing ដោយភាគីក្រុមហ៊ុន បានជម្រាបជូនពី វឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។

 


ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងបានសម្តែងនូវការស្វាគមន៍ចំពោះ គម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

 


ជាមួយគ្នា ឯកឧត្តមអគ្គលេខាធិការ មានសុទិដ្ឋិនិយមខ្ពស់ថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុន ក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។

 


គួរជម្រាបថា ក្រុមហ៊ុន Toyota Tsusho Manufacturing បានទទួលគោលការណ៍អនុញ្ញាតពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីឆ្នាំ២០២២ ឱ្យវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត រួមមាន Toyota Fortuner និង Toyota Hilux ជាដើម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

 


សូមបន្ថែមថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥ពាន់ ៨រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៥ម៉ឺនកន្លែង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៥៧៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025