ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥

ក្រុមហ៊ុនសិង្ហបុរី ស្វែងរកឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជា

០៥ សីហា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា ក្រុមហ៊ុនសិង្ហបុរីចំនួន១៦ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនសិង្ហបុរីចំនួន១៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ក្រុមហ៊ុនសិង្ហបុរីចំនួន១៦ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ក្នុងការពង្រីកវត្តមានធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

 


ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តថា ប្រទេសកម្ពុជាមិនទាន់ជាទីផ្សារល្អឥតខ្ចោះនោះទេ ប៉ុន្តែកម្ពុជាជាប្រទេសដែលចង់បានការវិវត្ត និងមានរដ្ឋាភិបាលដែលចាំគាំទ្រវិស័យឯកជន ដោយកត់សម្គាល់ពីការចាកចេញរបស់ប្រទេសកម្ពុជា នាពេលខាងមុខពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ ២០២៩។ ដូច្នេះ កម្ពុជាស្វាគមន៍ភាពជាដៃគូរយៈពេលវែងដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

 


លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមហ៊ុនសិង្ហបុរី សហការជាមួយសហគ្រាសក្នុងស្រុកក្នុងវិស័យ ដូចជាការផ្ទេរបច្ចេកវិទ្យា កំណើនសហគ្រាសធុនតូច និងមធ្យម ការគាំទ្រធុរកិច្ចថ្មី និងការអភិវឌ្ឍន៍កម្លាំងពលកម្ម ខណៈក្រសួងត្រៀមខ្លួនរួចជាស្រេចក្នុងការតភ្ជាប់វិនិយោគិនសិង្ហបុរីជាមួយដៃគូកម្ពុជា ដើម្បីជួយសម្រួលដល់កិច្ចសហការប្រកបដោយប្រសិទ្ធភាព។

 


ជាមួយគ្នា ក្រុមហ៊ុនសិង្ហបុរីចំនួន១៦ ដែលធ្វើអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជា វិទ្យាសាស្ត្រជីវិត ការបណ្តុះបណ្តាលផ្នែកឌីជីថល ការកែច្នៃម្ហូបអាហារ សេវាកម្មវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បានស្វែងយល់ពីទិដ្ឋភាពនៃការអភិវឌ្ឍនៅកម្ពុជា និងឱកាសវិនិយោគក្នុងវិស័យកម្មន្តសាល ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យា។ ក្រុមហ៊ុនទាំងនេះ មានមួយចំនួនបាននិងកំពុងធ្វើអាជីវកម្មនៅកម្ពុជាស្រាប់ ហើយកំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការ និងកិច្ចសហការថ្មីៗបន្ថែមទៀត។

 


គួររំលឹកថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី សម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់កម្រិត និងគ្រប់វិស័យ ព្រមទាំងប្ដេជ្ញាបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

 


ស្ថិតក្នុងក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងសិង្ហបុរីបានឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និងការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ។ ដោយឡែក ក្នុងក្របខ័ណ្ឌពហុភាគី កម្ពុជា និងសិង្ហបុរី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។

 


សូមជម្រាថា ប្រទេសសិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគកំពូលមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្តូរទំនិញសេវាកម្មយ៉ាងសកម្ម។ ហើយការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយជំរុញឱ្យមានកំណើន ក្នុងវិស័យផ្សេងៗដូចជា ផលិតកម្ម អចលនទ្រព្យ និងបដិសណ្ឋារកិច្ច៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025