ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥

ប្រទេសអូស្ត្រាលីបានផ្ដល់កិច្ចសន្យាទិញនាវាយោធាពីក្រុមហ៊ុនរបស់ជប៉ុនចំនួន៣គ្រឿង

ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក រីឆាដ ម៉ាល់ បាននិយាយនៅថ្ងៃអង្គារនេះថា រោងចក្រឧស្សាហកម្មធុនធ្ងន់មីតស៊ូប៊ីស៊ី (Mitsubishi) របស់ប្រទេសជប៉ុននឹងលក់នាវាចម្បាំងថ្មីមួយចំនួនទៅឱ្យអូស្ត្រាលីនៅក្រោមកិច្ចព្រមព្រៀងក្នុងតម្លៃ១០ពាន់លានដុល្លារអូស្ត្រាលីប្រហែល ៦.៥ ពាន់លានដុល្លារអាម៉េរិក។

 

 

 

 

កិច្ចសន្យានេះនឹងក្លាយជាការទិញផ្នែកការពារជាតិដ៏ធំបំផុតរបស់អូស្ត្រាលីចាប់តាំងពីឆ្នាំ២០២៣ ដែលរដ្ឋាភិបាលអូស្ត្រាលីបានយល់ព្រមសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក និងអង់គ្លេស និងជាកិច្ចព្រមព្រៀងលក់ផ្នែកការពារដ៏ធំបំផុតមួយរបស់ជប៉ុនផងដែរ។

 

 

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ណាកាតានី បាននិយាយថា ប្រទេសជប៉ុនបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការចុះហត្ថលេខាលើកិច្ចសន្យាទិញនាវាចម្បាំងទាំងនេះ។ លោក ណាកាតានី បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានថា ការសម្រេចចិត្តនេះគឺជាសក្ខីភាពមួយបង្ហាញអំពីការជឿទុកចិត្តលើបច្ចេកវិទ្យាទំនើបរបស់ជប៉ុន និងអន្តរប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងកងទ័ពអូស្ត្រាលី។

 

 

រដ្ឋាភិបាលអូស្ត្រាលីបាននិយាយកាលពីឆ្នាំ២០២៤ថា ពួកគេនឹងចំណាយរហូតដល់៦.៥ពាន់លានដុល្លារអាម៉េរិកដើម្បីទិញនាវាចម្បាំងក្នុងបំណងទូទៅដើម្បីជំនួសយន្តហោះចម្បាំងចាស់ៗដើម្បីធានាបាននូវផ្លូវពាណិជ្ជកម្មដែនសមុទ្រ និងវិធីសាស្រ្តនៅភាគខាងជើងអូស្ត្រាលី។ អូស្ត្រាលីនិយាយថា ក្រោមកិច្ចសន្យាជាមួយជប៉ុននេះ នាវាចម្បាំង៣គ្រឿងដំបូងនឹងត្រូវសាងសង់នៅប្រទេសជប៉ុន ហើយ៨គ្រឿងទៀតនឹងត្រូវសាងសង់ដោយក្រុមហ៊ុនអូស្តល់ (Austal) នៅភាគខាងលិចប្រទេសអូស្ត្រាលី ហើយនាវាចម្បាំងទីមួយត្រូវបានគេរំពឹងថានឹងប្រគល់ឱ្យអូស្ត្រាលីនៅឆ្នាំ២០២៩៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025