ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥
លោក Donald Trump ប្រធានាធិបតីអាមេរិកនៅថ្ងៃច័ន្ទ(៤សីហា) បាននិយាយថា លោកនឹងតំឡើងពន្ធទៅលើប្រទេសឥណ្ឌា ជុំវិញបញ្ហាដែលប្រទេសឥណ្ឌាបានទិញប្រេងពីប្រទេសរុស្ស៊ី។
ប្រធានាធិបតី Trump នៅលើបណ្តាញសង្គមអនឡាញTruth Socialបានលើកឡើងដូច្នេះ ឥណ្ឌាបានទិញប្រេងយ៉ាងច្រើនពីប្រទេសរុស្ស៊ី ហើយលក់ប្រេងទាំងអស់នោះ ទៅក្នុងទីផ្សារសាកល បានប្រាក់ចំណេញយ៉ាងច្រើនក្រាស់ក្រែល។ លោកប្រធានាធិបតីTrump បានរិះគន់ប្រទេសឥណ្ឌាថាមិនខ្វល់ពីប្រជាជនអ៊ុយក្រែនដែលត្រូវរុស្ស៊ីសម្លាប់។ លោកបន្តថា ដោយសារបញ្ហានេះ លោកនឹងតំឡើងពន្ធឱ្យប្រទេសឥណ្ឌាបង់ពន្ធឱ្យសហរដ្ឋអាមេរិក។
ប្រធានាធិបតីTrump មិនបានបញ្ជាក់លម្អិតថាតើពន្ធនោះ នឹងមានកម្រិតណាទេ។
លោកTrump កាលពីសប្តាហ៍មុន និយាយថា លោកនឹងដាក់ពន្ធ២៥ភាគរយលើទំនិញពីប្រទេសឥណ្ឌា និងបន្ថែមថា ប្រទេសឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី៥ក្នុងពិភពពលោក នឹងប្រឈមមុខជាមួយនិងការពិន័យផងដែរ ប៉ុន្តែមិនបញ្ជាក់លម្អិត។
កាលពីចុងសប្តាហ៍ ប្រភពពីរដ្ឋាភិបាលឥណ្ឌា បានប្រាប់សារព័ត៌មានរ៉យទ័រថា ឥណ្ឌា នឹងរក្សាការទិញប្រេងពីប្រទេសរុស្ស៊ី ទោះជាមានការគំរាមពីប្រធានាធិបតីអាមេរិកTrumpក៏ដោយ។ ប្រភពសុំមិនបញ្ជាក់អត្តសញ្ញាណដោយសារជាដំណឹងរសើប។
ប្រែសម្រួល៖ណាវ័ន្ត