ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ចិន រំពឹងទទួលភ្ញៀវទេសចរបរទេស ១៥ លាននាក់នៅឆមាសទី២ឆ្នាំនេះ

២៤ កក្កដា ២០២៤ | កម្សាន្ដ

 

ក្រោយដាក់ចេញនូវគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ ការកែសម្រួលការទូទាត់ប្រាក់ ព្រមទាំងយុទ្ធសាស្ត្រផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រទេសចិនរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសជាង ១៥ លាននាក់ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

 


ស្ថិតិពីរដ្ឋបាលអន្តោប្រវេសន៍ចិន បានបង្ហាញថានៅឆមាសទីមួយនៃឆ្នាំ ២០២៤ ជនបរទេសជាង ១៤,៦ លាននាក់បានធ្វើដំណើរចូលប្រទេសចិន ដែលកើនឡើង ១៥២ ភាគរយធៀបនឹងឆ្នាំមុន។ រយៈពេល៦ខែកន្លងទៅនេះ ភ្ញៀវទេសចរបរទេសជាង ២៣ ម៉ឺននាក់បានហោះចូលអាកាសយានដ្ឋាន Chengdu (ឆឹងទូ) ហើយក្នុងនោះមានភ្ញៀវទេសចរបរទេសជាង ៩៥០០០ នាក់បានធ្វើដំណើរចូលដោយគ្មានទិដ្ឋាការ។

 


ទីក្រុងសៀងហៃ ដែលជាគោលដៅសំខាន់របស់ចិនសម្រាប់អ្នកដំណើរអន្តរជាតិ បានបន្តសម្រួលនូវមធ្យោបាយទូទាត់ប្រាក់សម្រាប់ភ្ញៀវទេសចរបរទេស ដោយគិតត្រឹមចុងខែមិថុនា មានម្ចាស់អាជីវកម្មចំនួន ៥ ម៉ឺនកន្លែង និងស្ថានីយធ្វើដំណើរជាង ៧ ម៉ឺនស្ថានីយ បានគាំទ្រការទូទាត់កាតអន្តរជាតិ ហើយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បរិមាណប្រតិបត្តិការរបស់ភ្ញៀវបរទេសនៅក្នុងទីក្រុងបានកើនឡើងដល់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ មានប្រហែល ៣១៦ លានដុល្លារ គឺជាការទូទាត់តាមទូរស័ព្ទដៃ ដែលកើនឡើងជាង ៨ ដងបើធៀបនឹងឆ្នាំមុន។

 


ក្រៅពីការបន្ធូរបន្ថយទិដ្ឋការ និងសម្រួលការទូទាត់ប្រាក់ ការផ្សព្វផ្សាយតាមបណ្ដាញសង្គមក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ តួយ៉ាងថ្មីៗនេះ ទីក្រុងស៊ីអាន (Xi’an) ខេត្តសានស៊ី (Shaanxi) បានអញ្ជើញ influencer អន្តរជាតិ ២១ ប្រទេសដើម្បីមកទស្សនានិងធ្វើមាតិកាពីតំបន់ទេសចរណ៍របស់ខ្លួន។

 


ក្រៅពីទីក្រុងធំៗដែលជាគោលដៅចម្បង ភ្ញៀវទេសចរបរទេសកាន់តែច្រើនក៏បង្ហាញភាពរីករាយក្នុងការរុករកតំបន់បែបវប្បធម៌ប្រពៃណី និងទេសភាពធម្មជាតិដែរ។ ជាក់ស្ដែងក្នុងឆមាសទីមួយនៃឆ្នាំនេះ តំបន់ស៊ីនជាំងបានស្វាគមន៍ភ្ញៀវទេសចរ ២,៣ លាននាក់ និងបង្កើតប្រាក់ចំណូលទេសចរណ៍អន្តរជាតិចំនួន ១,៧ ពាន់លានដុល្លារអាមេរិក។

 


ប្រធានបណ្ឌិតសភាទេសចរណ៍ចិន លោក Dai Bin (តាយ ពីន) បានមានប្រសាសន៍ថា តំបន់នានារបស់ប្រទេសចិនចាំបាច់ត្រូវកែលម្អសេវាកម្ម និងភាពងាយស្រួលបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន ដូចជាការបន្ថែមមគ្គទេសក៍ដែលអាចប្រើភាសាអន្តរជាតិ សម្រួលការកក់សំបុត្រ និងអភិវឌ្ឍផលិតផលទេសចរណ៍ផ្សេងៗ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024