ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
កញ្ញា កុយ អេនណា ជាលំដាប់រងទី១ Miss Grand Cambodia 2023 បានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីផលិតវីដេអូមួយ ក្រោមប្រធានបទ «អេនណា និងប្រទេសរបស់ខ្ញុំ» ផ្តល់ជាអនុស្សាវីរយ៍ដល់ហ្វេនៗ និងបង្ហាញឱ្យពិភពលោកស្គាល់ពីភាពស្រស់ស្អាតមិនអាចកាត់ថ្លៃបានរបស់កម្ពុជាយើង។
ធ្មេចបើកៗរយៈពេល១ឆ្នាំនៃការកាន់កាប់តំណែង 1st Runner up Miss Grand Cambodia 2023 របស់បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា ត្រូវបានបញ្ចប់ទៅហើយ ដោយនាងបានបន្សល់នូវអនុស្សាវីរយ៍ល្អៗជាច្រើនជាមួយអ្នកគាំទ្រទូទាំងប្រទេស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង នៅថ្ងៃចុងក្រោយនៃការកាន់កាប់តំណែងជយលាភីលំដាប់រងទី១ អេនណា បានបង្ហោះវីដេអូដ៏អស្ចារ្យមួយលើទំព័រហ្វេសប៊ុកផ្លូវការ ក្រោមប្រធានបទ «អេនណា និងប្រទេសរបស់ខ្ញុំ»។
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យពីគុនល្បុក្កតោខ្មែរ រួមទាំងតំបន់ទេសចរណ៍ដ៏ល្អឯកមិនអាចកាត់ថ្លៃបានជាច្រើនទីតាំង បានលេចរូបរាងក្នុងវីដេអូរបស់ អេនណា បង្ហាញឱ្យគ្រប់គ្នាឃើញពីភាពតស៊ូអង់អាច ការលះបង់យ៉ាងខ្លាំងក្លារបស់កូនស្រីកម្ពុជារូបនេះ ដែលនាងក្លាហានហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីចង់ក្រងផលិតវីដេអូដ៏អស្ចារ្យនេះឡើងមក។
ក្នុងដំណើរត្រាចចរគ្រប់ទីកន្លែងជាមួយក្រុមការងារ ដើម្បីផលិតវីដេអូរយៈពេលជាង ១នាទីអំពី «អេនណា និងប្រទេសរបស់ខ្ញុំ» ធ្វើឱ្យបវរកញ្ញារូបស្រស់នេះជាប់ចិត្តប្រតិព័ទ្ធសម្រស់ដ៏ស្រស់ត្រកាលនៅតំបន់ទេសចរណ៍កម្ពុជា ជាពិសេសការនាំយកក្រុមគុនល្បុក្កតោវត្តថាន់ ទៅសម្តែងលើកំពូលប្រាសាទព្រះវិហារ ជាភាពអស្ចារ្យដ៏មហិមាដែលមិនអាចពិព័រនាបានឡើយ។
ម្ចាស់ជយលាភី 1st Runner up Miss Grand Cambodia 2023 មិនអាចរកអ្វីមកប្រៀបធៀបអារម្មណ៍របស់នាងក្នុងការសម្តែងគុនល្បុក្កតោលើកំពូលប្រាសាទព្រះវិហារបានឡើយ។ ប៉ុន្តែ ទន្ទឹមគ្នានោះ នាងក៏មិនអាចមើលរំលងទីតាំងសំខាន់ៗផ្សេងទៀតដូចជា ប្រាសាទកោះកេរ ទឹកជ្រោះភ្នំគូលេន និងរាជធានីភ្នំពេញជាបេះដូងនៃព្រះរាជណាច្រកកម្ពុជា។
ទោះបីពេលនេះ កញ្ញា កុយ អេនណា បានបញ្ចប់ភារកិច្ច និងតួនាទីជា 1st Runner up Miss Grand Cambodia 2023 ទៅហើយក្តី តែក្តីស្រលាញ់របស់នាងចំពោះហ្វេនៗគ្មានថ្ងៃប្រែប្រួលឡើយ។ ផ្ទុយទៅវិញ នាងបានប្រកាសប្រាប់អ្នកគាំទ្រថា នាងនឹងត្រឡប់មកអង្រួនឆាកបវរកញ្ញាម្តងទៀតក្នុងឆ្នាំណាមួយ ពេលដែលនាងត្រៀមខ្លួនរួចរាល់ជាងនេះ ព្រោះការត្រឡប់មកវិញមិនដើម្បីមកុដលំដាប់រង តែត្រឡប់មកគ្រងតំណែងរាជនីសម្រស់ឆ្ពោះទៅការតំណាងកម្ពុជាលើឆាកអន្តរជាតិ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ដោយក្រុមការងារ