ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥
ក្រុមចម្រៀងខេប៉ុប Stray Kids បានឈ្នះពានរង្វាន់ធំពីកម្មវិធី K-WORLD Dream ឆ្នាំ២០២៥ មុនធ្វើការ Comeback ផ្លូវការជាមួយអាល់ប៊ុមទី៤ មានចំណងជើងថា “KARMA”។
ក្រុមចម្រៀងបុរស Stray Kids បានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួនជាថ្មីនៅក្នុងវិស័យ K-pop ដោយអាចដណ្ដើមបានពានរង្វាន់ K-WORLD DREAM AWARDS ប្រចាំឆ្នាំ ២០២៥ រហូតដល់ ៤ ពាន ជាចំនួនខ្ពស់បំផុតក្នុងចំណោមសិល្បករឈ្នះពាននៅឆ្នាំនេះ។
ក្នុងកម្មវិធីដែលរៀបចំឡើងកាលពីថ្ងៃទី២១ ខែសីហា ក្រុមចម្រៀងជើងខ្លាំងរបស់ JYP បានត្រលប់ទៅផ្ទះដោយមោទនភាពជាមួយពានរង្វាន់ចំនួន ៤ ដូចជា៖ ពានរង្វាន់ឯក K World Dream Daesang សម្រាប់ក្រុមបុរស, ពានរង្វាន់រួម K World Dream Bonsang, ពានរង្វាន់ប្រជាប្រិយភាព K World Dream Popularity Award សម្រាប់ក្រុមបុរស និងពានរង្វាន់ K World Class។
ជយលាភីថ្មីនេះធ្វើឱ្យ Stray Kids អាចពង្រឹងកេរ្តិ៍ឈ្មោះរបស់ក្នុងនាមជាសិល្បករលេចធ្លោនៅក្នុងឆាកតន្ត្រីសកល ជាមួយការទទួលស្គាល់ទាំងស្នាដៃសិល្បៈ និងការគាំទ្រឥតឈប់ឈរពីសំណាក់ហ្វេនៗជុំវិញពិភពលោក។
ជាការបិទបញ្ចប់កម្មវិធី សមាជិកទាំង ៨ បានសម្តែងបទចម្រៀងល្បីៗរបស់ពួកគេដូចជាបទ "Chk Chk Boom" និង "Walking on Water" ក្រោមសម្រែកអបអរកងរំពងពីសំណាក់ទស្សនិកជន។
ទន្ទឹមនឹងភាពជោគជ័យពីកម្មវិធីពានរង្វាន់ខាងលើ នៅថ្ងៃទី២២ ខែសីហានេះ ក្រុមចម្រៀង Stray Kids ក៏បានបញ្ចេញអាល់ប៊ុមថ្មីជាអាល់ប៊ុមខ្នាតពេញទី៤ មានចំណងជើងថា “KARMA” ដោយមានបទ “Ceremony” ជាបទនាំមុខ ៕
ប្រែសម្រួល៖ វ៉ាន់ថន