ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ជំនួបដ៏សែនរីករាយ និងកម្រពុំធ្លាប់មានពីមុនមករវាងតួឯកស្រី ឌី សាវ៉េត និងតួឯកប្រុស សោម ដូរិន ក្នុងកម្មវិធី «ផ្ការីកគ្រប់រដូវ» រំលឹកពីអតីតកាលដ៏សែនមានន័យ ក្នុងថ្ងៃខួបគម្រប់ ៨០ឆ្នាំនៃតារា «ផ្ការីកគ្រប់រដូវ» ឌី សាវ៉េត (1944-បច្ចុប្បន្ន)។
ក្រុមព្រះសុរិយា បានរៀបចំព្រឹត្តឹការណ៍ដ៏ធំសម្បើម ប្រមូលផ្តុំដោយវីរៈសិល្បករ-វីរៈសិល្បការនីជំនាន់ដើមល្បីៗ រួមទាំងសិល្បករជំនាន់ថ្មីយ៉ាងច្រើនកុះករ ដើម្បីចូលរួមជំនួបដ៏អស្ចារ្យរវាងតួឯកស្រី ឌី សាវ៉េត និងតួឯកប្រុស សោម ដូរិន ក្នុងកម្មវិធី «ផ្ការីកគ្រប់រដូវ»។នេះជាជំនួបដ៏សែនមនោរម្យរវាងតួឯកប្រុសស្រីទាំងពីររូប ក្នុងថ្ងៃខួបកំណើតគម្រប់ ៨០ឆ្នាំនៃតារា «ផ្ការីកគ្រប់រដូវ»ឌី សាវ៉េត (1944-បច្ចុប្បន្ន)។
នាឱកាសដ៏សែនប្រពៃ និងជារាត្រីដ៏គួរឱ្យចងចាំនេះ វីរៈសិល្បករ សោម ដូរិន និងវីរៈសិល្បការនី ឌី សាវ៉េត បានបង្ហាញចំណាប់អារម្មណ៍សម្រាប់កម្មវិធី «ផ្ការីកគ្រប់រដូវ» សំដៅដ៏ភាពរស់រវើករបស់វីរៈសិល្បករទាំង២រូប។
លោកទាំងពីរបានរំលឹកដល់ស្នាដៃចាស់ៗដែលធ្លាប់សម្តែងរួមគ្នាកាលពី៦០ឆ្នាំមុន ដែលភាពយន្តទាំងនោះបានសាងភាពល្បីល្បាញយ៉ាងខ្លាំងក្លា និងជាដង្ហើមជំរុញឱ្យវិស័យសិល្បៈភាពយន្តខ្មែររស់រានឡើងវិញក្រោយឆ្លងកាត់របបខ្មែរក្រហម។
ក្រឡេកទៅ កញ្ញា អាង សុជាតា ហៅ ឈូឈូ និងបវរកញ្ញាវ័យក្មេង លី មួយលាង Miss Teen International Cambodia 2024 ហាក់រំភើបខ្លាំងពេលបានចូលរួមកម្មវិធី «ផ្ការីកគ្រប់រដូវ» ដែលបង្ហាញពីប្រវត្តិតស៊ូ និងស្នាដៃសិល្បៈដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានរបស់ វីរៈសិល្បករ សោម ដូរិន និងវីរៈសិល្បការនី ឌី សាវ៉េត។
ឈូឈូ និង មួយលាង លើកឡើងស្រដៀងគ្នាថា កម្មវិធី «ផ្ការីកគ្រប់រដូវ» ពិតជាមានសារៈសំខាន់សម្រាប់សិល្បករជំនាន់ក្រោយដូចរូបនាង ព្រោះវាបង្ហាញពីជីវៈប្រវត្តិ ការតស៊ូពុះពារ និងសេចក្តីព្យាយាមរបស់វីរៈសិល្បករខ្មែរយើង ដែលវាជាគំរូភាពដ៏ល្អសម្រាប់តារាវ័យក្មេងដូចអ្នកទាំងពីរ។
សូមជម្រាបផងដែរថា កម្មវិធី «ផ្ការីកគ្រប់រដូវ» បានបញ្ចប់ទៅដោយជោគជ័យបំផុត ប្រកបដោយស្នាមញញឹម ភាពសប្បាយរីករាយគួរជាទីចងចាំសម្រាប់អ្នកចូលរួមទាំងអស់គ្នា។
ជាពិសេស ពេលវេលានៃការកាត់នំជូនពរថ្ងៃខួប គម្រប់ ៨០ឆ្នាំនៃតារា «ផ្ការីកគ្រប់រដូវ» ឌី សាវ៉េត បានផ្តល់នូវអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច