ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
សមាជិកកូនច្បងរបស់ក្រុម BTS គឺ Jin បានប្រារព្ធកម្មវិធីជួបជុំអ្នកគាំទ្រខ្នាតធំនៅទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល១ថ្ងៃបន្ទាប់បានបញ្ចប់កាតព្វកិច្ចយោធាជាស្ថាពរ។
សមាជិកក្រុម BTS, Jin បានត្រលប់មកជួបអ្នកគាំទ្រសាជាថ្មី ក្រោយការបំពេញកាតព្វកិច្ចយោធាជាង១ឆ្នាំកន្លះ ដោយបានក្លាយជាសមាជិកដំបូងបំផុតរបស់ក្រុមដែលបានត្រលប់មកជីវិតជាជនស៊ីវិលវិញ។
នៅចំពោះមុខអ្នកគាំទ្រ ៤ ពាន់អ្នក តារាវ័យ ៣១ឆ្នាំបានបង្ហាញអារម្មណ៍រំភើប និងអរគុណជាខ្លាំងដល់អ្នកគាំទ្រគ្រប់គ្នាដែលបានអត់ធ្មត់រង់ចាំការវិលត្រលប់របស់គេ។
ក្រៅពីការសម្ដែងនិងសំណេះសំណាល Jin ក៏បានផ្ដល់ឱកាសឱ្យអ្នកគាំទ្រមានសំណាង ១ ពាន់នាក់ឡើងមកឱបខ្លួនផងដែរ។ កម្មវិធីជួបជុំអ្នកគាំទ្ររបស់ Jin លើកនេះដែរគឺជាផ្នែកមួយនៃការប្រារព្ធខួប ១១ ឆ្នាំនៃការបង្ហាញខ្លួនរបស់ក្រុមចម្រៀង BTS ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៣ មិថុនា ជាមួយកម្មវិធីផ្សេងៗជាច្រើននៅទីក្រុងសេអ៊ូល។
មួយថ្ងៃមុនកម្មវិធីជួបជុំនេះ Jin បានជួបជាមួយមិត្តរួមក្រុមរបស់ខ្លួនទាំង ៦នាក់ ខណៈរូបគេបានបញ្ចប់ភារកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកងពលធំថ្មើរជើងទី ៥ នៃកងទ័ពកូរ៉េខាងត្បូង ដោយ RM ដែលជាប្រធានក្រុមបានផ្លុំសាក់សូហ្វូនបទ "Dynamite" (ដាយណាម៉ាយ) ជាការស្វាគមន៍យ៉ាងកក់ក្ដៅ។
ចាប់ផ្តើមពី Jin សមាជិកក្រុម BTS ត្រូវបានរំពឹងថានឹងបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេម្តងម្នាក់ៗ មុនអាចវិលត្រលប់ជុំគ្នាវិញនៅចុងខែមិថុនាឆ្នាំ២០២៥។ សមាជិកបន្ទាប់ទៀតគឺ J-Hope គ្រោងចាកចេញពីជួរកងទ័ពនៅថ្ងៃទី ១៧ ខែតុលា ខណៈសមាជិក ៥ រូបទៀតរួមមាន RM, V, Jimin, Jungkook និង Suga គ្រោងនឹងបញ្ចប់កាតព្វកិច្ចនៅខែមិថុនា ឆ្នាំ ២០២៥ ៕
ប្រែសម្រួល៖ វ៉ាន់ថន