ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥

វៀតណាម សម្រុកនាំចេញទុរេនទៅកាន់ប្រទេសចិន បន្ទាប់ពីថៃប្រឈមនឹងការធ្លាក់ចុះ

១១ មិថុនា ២០២៤ | សេដ្ឋកិច្ច

ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ប្រទេសចិនបានកើនឡើង ៩១% ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៤ ខណៈដែលការនាំចេញទុរេនរបស់ថៃ ទៅកាន់ចិន បានធ្លាក់ចុះចំនួន ៥៥%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ ប្រទេសចិន បាននាំចូលទុរេនស្រស់ចំនួន ២សែនតោន ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៣២% ធៀបនឹងឆ្នាំមុន ក្នុងនោះប្រទេសថៃមានចំណែក ១២ម៉ឺនតោន ដែលមានតម្លៃជាង ៧១៧លានដុល្លារអាមេរិក។

 


ចំណែកទីផ្សារទុរេនថៃ នៅក្នុងទីផ្សារចិន បានធ្លាក់ចុះមកដល់ ២៦% ធៀបនឹងឆ្នាំមុន ដែលស្ថិតនៅកម្រិត ៦០%។ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ចិន បានកើនឡើងជិត ២ដងដល់ ៨ម៉ឺនតោន ដែលមានតម្លៃ៣៧០លានដុល្លារអាមេរិក ហើយវាបានបង្កើនចំណែកទីផ្សាររបស់វៀតណាម ពី ២៦%  ដល់ ៣៩% ។

 


ដោយឡែក ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន ឃើញថា ការនាំចេញរបស់ខ្លួនកើនឡើង ៦ដង។ជាក់ស្តែង ការនាំចេញផ្លែឈើរបស់វៀតណាមកំពុងកើនឡើង ដោយសារតម្លៃប្រកួតប្រជែងរបស់ខ្លួន ដោយក្នុងរយៈពេល ៤ខែដំបូង តម្លៃជាមធ្យមរបស់វាគឺ ៤ពាន់ ៦រយដុល្លារក្នុងមួយតោន ធៀបនឹងតម្លៃនាំចូលជាមធ្យមរបស់ប្រទេសចិន ៥ពាន់ ៤រយដុល្លារក្នុងមួយតោន។

 


លើសពីនេះ តម្លៃទុរេនថៃ បានកើនឡើង ១៤% រហូតដល់លើស ៥ពាន់ ៩រយដុល្លារអាមេរិក។ក្រៅពីអត្ថប្រយោជន៍តម្លៃ ទុរេនវៀតណាមក៏មានលក់ពេញមួយឆ្នាំ មានតម្លៃដឹកជញ្ជូនទាប និងចំណាយពេលតិចក្នុងការដឹកជញ្ជូន។សូមជម្រាបថា ប្រទេសវៀតណាមមានផ្ទៃដីទុរេនចំនួន ១៥ម៉ឺនហិចតា និងទិន្នផលប្រចាំឆ្នាំដែលរំពឹងទុកចំនួន ១លាន ៥សែនតោន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025