ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ក្នុងគម្រប់ខួប ១៥របស់ក្រុម សមាជិកក្រុមចម្រៀង 2NE1 បានបញ្ចេញកម្រងរូបជួបជុំគ្នាយ៉ាងពិសេស ដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យថាពួកគេអាចមានគម្រោងពិសេស ឬការចេញបទថ្មីជាមួយគ្នាក្នុងពេលឆាប់ៗ។
កាលពីថ្ងៃទី ១៧ ខែឧសភា ក្រុម 2NE1 បានប្រារព្ធខួបលើកទី ១៥ នៃការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ តាមរយៈការជួបជុំគ្នាជាថ្មីសម្រាប់ការថតរូបអនុស្សាវរីយ៍ដ៏ពិសេស។
សមាជិកទាំងបួននាក់រួមមាន CL, Park Bom, Sandara Park និង Minzy បានចូលទៅក្នុងគណនី Instagram រៀងៗខ្លួនដើម្បីបង្ហោះរូបភាពគួរឱ្យភ្ញាក់ផ្អើលជាច្រើនសន្លឹក និងបានបង្ហាញក្ដីស្រឡាញ់ដល់អ្នកគាំទ្ររបស់ពួកគេក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
ក្នុងនោះប្រធានក្រុម CL បានចែករំលែកសារទៅកាន់អ្នកគាំទ្ររបស់នាងជាភាសាកូរ៉េ និងអង់គ្លេស ដោយសរសេរថា៖ “2NE1 តែងតែជាផ្ទះរបស់ខ្ញុំ ដែលធ្វើអោយខ្ញុំមានអារម្មណ៍ថាមានសេរីភាពក្នុងការស្រលាញ់ លេងសើច បញ្ចេញមតិ បង្កើតស្នាដៃ និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។ សង្ឃឹមថាថ្ងៃនេះ 2NE1 អាចរំឭកអ្នកឱ្យមើលឃើញពន្លឺក្នុងជីវិតខ្លួនឯង។ អរគុណគ្រប់គ្នាជានិច្ច"។
គិតមកទល់ពេលនេះគឺរយៈពេល ៨ឆ្នាំហើយដែលអតីតក្រុមចម្រៀងស្រីកំពូលរបស់ផលិតកម្ម YG មួយនេះបានរំសាយក្រុម។ យូរៗម្ដងអ្នកគាំទ្របានឃើញពួកគេជួបជុំគ្នាដើម្បីអបអរខួបរបស់ក្រុម ប៉ុន្តែឆ្នាំនេះអាចចាត់ទុកថាជាលើកដំបូងដែលពួកគេបានជួបជុំគ្នាថតរូបភាព Anniversary យ៉ាងផ្លូវការ ធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញក្ដីសង្ឃឹមថាពួកគេអាចនឹងមានបទថ្មីរួមគ្នាក្នុងពេលឆាប់ៗ។ គួររំឭកដែរថា សមាជិក 2NE1 ទាំង៤ នាក់បានសម្ដែងរួមគ្នាលើឆាកតន្ត្រីជាផ្លូវការលើកចុងក្រោយក្នុងកម្មវិធីមហោស្រពតន្ត្រី Coachella កាលពីឆ្នាំ២០២២ ៕
ប្រែសម្រួល៖ វ៉ាន់ថន