ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ពិតជាពិសេសខ្លាំងណាស់ អ្នកនាង ប្រាសាទ ដាវីន បានរៀបចំឱ្យ កញ្ញា Sheynnis Palacios ចុះសាកសួរសុខទុក្ខទារកមានមាត់ឆែមពីកំណើតនៅអង្គការ Smile Cambodia ខេត្តសៀមរាប ថែមទាំងបានរៀបរាប់ការងារទូតសុឆន្ទៈជាមួយ Smile Cambodia ឱ្យដឹងទៀតផង។
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា Sheynnis Palacios Miss Universe 2023 បានធ្វើដំណើរទស្សនកិច្ចទៅទីតាំងសំខាន់ៗជាច្រើនក្នុងទឹកដីខេត្តខេត្តសៀមរាប សម្រាប់ ដំណើរទស្សនកិច្ចលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ ក៏មានអង្គការ Smile Cambodia នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែល Sheynnis បានធ្វើទស្សនកិច្ច និងសាកសួរសុខទុកទារកមានមាត់ឆែមពីកំណើតដែលកំពុងសម្រាក និងរង់ចាំការវះកាត់ពីអង្គការ Smile Cambodia។
ក្នុងបទសម្ភាសន៍ផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អ្នកនាង ប្រាសាទ ដាវីន បានលើកឡើងថា នាងបានបំពេញការងារជាទូតសុឆន្ទៈ ជាមួយលោក ចាន់ គក់ឆយ ជានាយកប្រតិបត្តិអង្គការ Smile Cambodia ច្រើនឆ្នាំកន្លងមកហើយ ដោយបានព្យាបាលវះកាត់ក្មេងដែលមានមាត់ឆែបពីកំណើតច្រើនករណីមកហើយ។
ឆ្លៀតឱកាសនេះ អ្នកនាង ប្រាសាទ ដាវីន ដែលជាទូតសុឆន្ទៈអង្គការ Smile Cambodia និង ចាន់ គក់ឆយ នាយកប្រតិបត្តិអង្គការ Smile Cambodia ក៏បានបង្ហាញជំហរក្នុងការជួយដល់កុមារកម្ពុជាដែលជួបបញ្ហាឆែបពីកំណើតផងដែរ។ បន្ថែមពីលើនោះ អ្នកនាងក៏បានជំរុញលើកទឹកចិត្តអាណាព្យាបាលឱ្យកូនមានបញ្ហាទាំងអស់នេះឱ្យមកទទួលការព្យាបាលជាមួយ Smile Cambodia និងមិនមានអស់ប្រាក់កម្រៃអ្វីឡើយ។
ក្រឡេកទៅមើល ម្ចាស់មកុដ Miss Universe 2023 កញ្ញា Sheynnis Palacios ឯណោះវិញ បានបង្ហាញពីក្តីអាណិតស្រលាញ់ក្មេងៗជាពន់ពេលជាមួយនឹងការផ្តល់ភាពកក់ក្តៅការលើកទឹកចិត្តទៅកាន់ក្មេងៗទាំងនោះថែមទៀតផង។ ហើយនាងបានសរសើរពេញៗមាត់ និងពេញចិត្តខ្លាំងជាមួយឈុតពិសេសៗដែលកម្ពុជាបានរៀបចំជូន។
នាងថា វាមានភាពស្រស់ស្អាត មានអត្ថន័យ និងបង្ហាញពីអត្ថសញ្ញាណជាតិ ដែលមិនអាចកាត់ថ្លៃបាន និងបានបន្សល់ទុកនូវការចងចាំដ៏ល្អក្នុងជីវិតរបស់នាង។ Miss Universe 2023 ថែមទាំងនិយាយថា ប្រសិនមានឱកាសនាងនឹងនាំក្រុមគ្រួសារមកលេងកម្ពុជាទៀតផង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក