ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
ឆ្លងកាត់ការបោះឆ្នោតកាលពីព្រឹកមិញនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឬ ស្រីតូច ចំណាន ត្រូវបានជ្រើសរើសក្លាយជាប្រធាន សមាគមសិល្បករខ្មែរ អណត្តិទី ៦ នេះ បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ។ ភ្លាមៗអតីតពិធីការិនីល្បីឈ្មោះរូបនេះ បានប្តេជ្ញាចិត្តយ៉ាងមុខមាំក្នុងការដឹកនាំសិល្បករ ខ្មែរ ។
ជាប់ឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ នៅក្នុងអណត្តិទី ៦ ភ្លាម អតីតពិធីការិនីល្បីឈ្មោះអ្នកឧកញ៉ា ម៉ៅ ចំណាន ឬ ស្រីតូច ចំណាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំសិល្បករ ខ្មែរ ឱ្យកាន់តែរីកចម្រើន ។
ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អណត្តិទី ៦ បានបញ្ចប់ទៅយ៉ាងរលូនព្រឹកមិញនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងសិល្បករសិល្បការិនីជាង ៦០០ នាក់បានចូលរួមបោះឆ្នោត ដោយម្នាក់ៗមានទឹកមុខស្រស់ស្រាយ ហើយក៏បានសាទរចំពោះលទ្ធផលនេះផងដែរ ។
អតីតពិធីការិនី ស្រីតូច ចំណាន បានបង្ហាញពីគោលជំហររបស់ខ្លួនបន្ទាប់ជាប់ជាប្រធានសមាគមសិល្បករ ខ្មែរ ក្នុងអណត្តិទី ៦ នេះថា លោកជំទាវមានគម្រោងការងារជាច្រើនដែលត្រូវធ្វើ ។
ស្របពេលដែលក្លាយទៅជាប្រធានសមាគមនេះផងដែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ឬ ស្រីតូច ចំណាន ក៏បានរំលឹកប្រាប់អំពីមូលហេតុជាច្រើនដែលធ្វើឱ្យលោកជំទាវសម្រេចចិត្តមកឈរឈ្មោះជាប្រធានសមាគមសិល្បករ ខ្មែរ នេះ ។
ក្រឡេកមកមើលសិល្បករសិល្បការិនីថ្មីចាស់ដែលមានវត្តមាននៅក្នុងការបោះឆ្នោតកាលពីព្រឹកមិញនេះ ម្នាក់ៗបានសម្តែងនូវការរីករាយហើយថែមទាំងបានសាទរចំពោះលទ្ធផលនេះ ។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករ ខ្មែរ អណត្តិទី៦ នេះមានបេក្ខភាពចូលរួមចំនួន ៣ នាក់ ទី ១ គឺអ្នកឧកញ៉ា ម៉ៅ ចំណាន ឬ ស្រីតូច ចំណាន ទី ២ លោក ផាត់ តារារ័ត្ន ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា និងទី ៣ លោក គួច ខេវិន ដែលជាអ្នកដឹកនាំខាងផ្នែកសិល្បៈដែលមានបទពិសោធក្នុងសិល្បៈជាង ២០ ឆ្នាំមកហើយ ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបាន ៥២៧ សម្លេង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច