ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

អេហ្ស៊ីបស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្ម


អេហ្ស៊ីបដែលជាប្រទេសមានកសិកម្មជាវិស័យធំបំផុតលំដាប់ទី៣នៃសេដ្ឋកិច្ចជាតិ បានចាត់វិធានការរឹងម៉ាំគាំទ្រដល់ការនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនទៀត។

 

កសិកម្ម ក៏ជាវិស័យនាំចេញធំទី២របស់ប្រទេសអេហ្ស៊ីបផងដែរ។ ផលិតផលកែច្នៃនិងផលិតស្រស់បានផ្តល់ឱ្យប្រទេសអេហ្ស៊ីបនូវទឹកប្រាក់៩ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុនគឺប្រហែលជា២៥ភាគរយនៃការនាំចេញសរុបមិនមែនប្រេងរបស់ប្រទេសអេហ្ស៊ីប។

 

 

 

 

 

នៅប៉ុន្មានឆ្នាំថ្មីៗចុងក្រោយ ប្រទេសអេហ្ស៊ីបបានបើកទីផ្សារថ្មីសម្រាប់ការនាំចេញរួមមានវត្ថុធាតុដើមដើម្បីបង្កើនប្រភពដោះដូររូបិយប័ណ្ណបរទេសរបស់ខ្លួន។ 

 

ប្រទេសតំបន់អាហ្វ្រិកខាងជើងមួយនេះ បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារចំនួន១៦០ នៅឆ្នាំ២០២៣ កើនឡើងពីទីផ្សារចំនួន៦៧នៅឆ្នាំ២០២២។ ត្រីមាសទី១ឆ្នាំ២០២៤ ប្រទេសអេហ្ស៊ីប បាននាំចេញផលិតផលកសិកម្មចំនួនច្រើនជាង២,២លានតោនដែលមានតម្លៃទឹកប្រាក់១,៥ពាន់លានដុល្លារអាមេរិក។ 

 

លោក Tarek Abdel Hakim អ្នកគ្រប់គ្រងក្រុមហ៊ុនEgyptian Agricultural Services and Trade Group បានលើកឡើងដូច្នេះ«នេះជាយុទ្ធសាស្ត្រពង្រីកទៅកាន់ទីផ្សារថ្មីផងដែរ ជាមួយនឹងផលិតផលថ្មីៗ ដូចជា ការ៉ុត ដំឡូងផ្អែម ទំពាំងបាយជូរ ផ្លែក្រូចពូជថ្មី និងផលិតផលកក ទៅតាមតម្រូវការអតិថិជន។ យើង កំពុងផ្ញើទៅកាន់ទីផ្សារថ្មី នៅសហរដ្ឋអាមេរិក កាណាដា កូស្តារីកា ម៉ិកស៊ិក និងអាស៊ាន»។

 

លោក Hakim បន្តថា រដ្ឋាភិបាលកំពុងដាក់ចេញបទដ្ឋានថ្មីសម្រាប់ការនាំចេញដើម្បីបំពេញបានទៅតាមលក្ខខណ្ឌសម្រាប់ប្រទេសជាច្រើនទៀត និងបង្កើនការប្រកួតប្រជែង។

 

ក្រុមអ្នកវិភាគលើកឡើងថា អេហ្ស៊ីបនាពេលថ្មីៗ ផ្តោតលើការពង្រឹងការនាំចេញដើម្បីបង្កើនទុនបម្រុងរូបិយប័ណ្ណរបស់ខ្លួនដែលបានថយចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏ពង្រឹងសុវត្ថិភាពស្បៀងអាហារផងដែរ។ 

 

 

 

 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024