ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅប្រទេសមួយចំនួន

ប្រជាពលរដ្ឋជាច្រើនបានប្រមូលផ្ដុំគ្នាដើរក្បួនតវ៉ាតាមផ្លូវនៅថ្ងៃរំលឹកទិវាពលកម្មអន្តរជាតិទី១ ឧសភានៅបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោកដោយក្នុងនោះគេបានឃើញកងកម្លាំងរបស់ប្រទេសខ្លះបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ារួមទាំងប្រទេសហ្វីលីពីនផងដែរ។

 

 

 

 

ផ្ដើមជាដំបូងគេនេះ សូមក្រឡេកទៅមើលការតវ៉ានៅក្នុងប្រទេសបារាំង។ អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃពុធ ទី១ ខែឧសភាដើម្បីអបអរទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំដោយពួកគេបានទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។

 

ដោយដើរតវ៉ាមិនទាន់ទាំងបានប៉ុន្មានផង គេបានឃើញហ្វូងប៉ូលិសស្ថិតនៅក្នុងចំណោមអ្នកតវ៉ាដោយពួកគេបានប្រើគ្រាប់បែកផ្សែង និងឧបករណ៍បង្ក្រាបបាតុកម្មដទៃទៀតដើម្បីបង្ខំឱ្យអ្នកតវ៉ាដកថយ ឬក៏បំបែកហ្វូងគ្នា។

 

បន្ទាប់មកនៅប្រទេសតួកគីឯណោះវិញ គេបានឃើញហ្វូងប៉ូលិសបានប៉ះទង្គិចគ្នាជាមួយអ្នកតវ៉ានៅថ្ងៃដដែលនេះ ខណៈដែលអ្នកតវ៉ាកំពុងប្រមូលផ្ដុំគ្នានៅទីលានតាក់ស៊ីមដើម្បីទាមទារលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលល្អប្រសើរផងដែរ។

 

 

 

 

 

 

ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលកំពុងគ្រវីទង់ជាតិ ខណៈដែលរដ្ឋាភិបាលតួកគីមិនបានអនុញ្ញាតឱ្យដើរក្បួនតវ៉ានៅថ្ងៃនេះទេ។

 

ស្របពេលនោះដែរ ក្រុមសកម្មជនរាប់សិបនាក់បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសបង្ក្រាបកុបកម្មនៅរដ្ឋធានី      ម៉ានីលប្រទេសហ្វីលីពីននៅពេលប៉ូលិសបានបញ្ឈប់ហ្វូងអ្នកតវ៉ាដែលកំពុងធ្វើការតវ៉ានៅខាងក្រៅស្ថានទូតអាមេរិកប្រចាំរដ្ឋធានីម៉ានីល។ ក្រុមអ្នកតវ៉ាបានហៅប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ថាជាអ្នកបម្រើនយោបាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024