ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
សៀវភៅមួយក្បាលដែលមានវ័យចំណាស់បំផុតមួយក្បាល និងដែលគេគាស់កកាយបានពីប្រទេសអេហ្ស៊ីបដែលកត់ត្រាកំណើតដំបូងនៃជំនឿព្រះយេស៊ូគ្រីស្ទកំពុងត្រូវគេដឹកជញ្ជូនទៅដាក់លក់ដេញថ្លៃនៅទីស្នាក់ការរបស់ក្រុមហ៊ុនគ្រីសស្ទី (Christie's)។ សៀវភៅនេះសរសេរជាអក្សរកុប (Coptic) ប្រហែលជានៅអំឡុង២៥០ទៅ៣៥០ឆ្នាំមុនគ្រិស្តសករាជ។
សៀវភៅនេះរៀបចំចងក្រងឡើងនៅក្នុងសម័យកាលមួយមុនពេលព្រះគម្ពីរប៊ីប (Bible) ត្រូវបានរៀបចំឡើង។ សៀវភៅនេះមានកម្រាស់១០៤ទំព័រ ឬស្មើនឹង៥២ស្លឹកឈើ សរសេរដោយអ្នកកត់ត្រាម្នាក់ដែលចំណាយពេលសរសេរ៤០ឆ្នាំនៅក្នុងសាលាជំនំដ៏មានវ័យចំណាស់បំផុតមួយនៅប្រទេសអេហ្ស៊ីបប៉ែក។ ទីនេះកសាងដោយព្រះគ្រូមួយអង្គព្រះនាមប៉ាឆូមាស (Pachomius)។
លោកអឺជេនីអូ.ដូណាដូនី (Eugenio Donadoni) ប្រាប់ថា «នេះជាសាស្ត្រាស្លឹករឹតពិធីបុណ្យអ៊ីស្ទើ (Easter) ដំបូងគេបង្អស់។ បើអ្នកគិតអំពីពេលវេលា និងភាពរហ័សរហួននៃពួកគ្រិស្តបរិស័ទជំនាន់ដើមរហូតដល់សម័យព្រះយេស៊ូ, វានៅសល់តែពីរបីរយឆ្នាំទៀតប៉ុណ្ណោះ។ ហើយពួកគេកំពុងរៀនពីរបៀបប្រារព្ធបុណ្យអ៊ីសស្ទើ (Easter)»។
ឥឡូវនេះនៅពីក្រោយទូកញ្ចក់, គម្ពីរដែលសរសេរជាអក្សរសម្ងាត់មួយក្បាលនេះបង្កប់ខ្លឹមសារដើមនៃគម្ពីរពីរក្បាលដំបូងបំផុតរបស់ពេត្រូស និងគម្ពីរយ៉ូណាស់។ លោកដូណាដូនី (Donadoni) យល់ថាមូលហេតុសំខាន់ដែលធ្វើឲ្យសៀវភៅនេះអាចនៅគង់វង្សរយៈពេលរាប់ពាន់ឆ្នាំរហូតមកដល់សព្វថ្ងៃនេះដោយសារប្រទេសអេហ្ស៊ីបមានអាកាសធាតុក្ដៅនិងស្ងួត។
លោកថ្លែងថាសៀវភៅធ្វើពីសាច់ក្រដាសកាលពីអំឡុងទសវត្សទី៣ និងទី៤នៃគ្រិស្តសករាជមានតែប៉ុន្មានក្បាលប៉ុណ្ណោះដែលអាចរក្សាបានរហូតដល់សព្វថ្ងៃ។ សៀវភៅដែលបន្សល់ទុកតាំងពីសតវត្សទី២០ និងចុងសតវត្សទី១៩សុទ្ធតែនៅប្រទេសអេហ្ស៊ីបទាំងអស់។ នេះក៏ដោយសារតែអាកាសធាតុដ៏ល្អប្រសើរនៅប្រទេសនេះ។ ចំពោះសៀវភៅសាស្ត្រាបុរាណដែលគេរកឃើញនៅអេហ្ស៊ីបកាលពីដើមឆ្នាំ១៩៥០ប្លាយ ហើយដែលសាកលវិទ្យាល័យមីស៊ីស៊ីពី (Mississippi) ទិញយករហូតដល់ឆ្នាំ១៩៨១រក្សាទុកលែងឲ្យនរណាប៉ះពាល់តទៅទៀត។
បណ្ឌិតម៉ាទីន.សូយេន (Martin Schøyen) ដែលជាជនជាតិន័រវេស និងជាអ្នកប្រមូលទិញសៀវភៅចាស់ៗបានទិញសៀវភៅខាងលើនេះកាលពីឆ្នាំ១៩៨៨។ ឥឡូវនេះ គាត់យកសៀវភៅដដែលនេះរួមជាមួយសមូហកម្មរបស់គាត់ផ្សេងទៀតទៅដាក់លក់ដេញថ្លៃ។
ក្រុមហ៊ុនគ្រីសស្ទីប៉ាន់ស្មានថាសៀវភៅសរសេរអក្សសម្ងាត់នេះអាចលក់បានចន្លោះពី២,៦លានដុល្លារទៅ៣,៨លានដុល្លារ។ ពេលវេលាដេញថ្លៃជាផ្លូវការនឹងរៀបចំនៅទីក្រុងឡុង ចក្រភពអង់គ្លេសនាថ្ងៃទី១១ ខែមិថុនាខាងមុខ។ គេនឹងយកសៀវភៅនេះទៅដាក់តាំងពិព័រណ៍ជូនភ្ញៀវទស្សនាកម្សាន្តនៅទីស្នាក់ការរបស់ក្រុមហ៊ុនគ្រីសស្ទីប្រចាំទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៩ ខែមេសា៕
ប្រែសម្រួល៖ អន សំអាង