ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ចិន សម្រេចទំហំពាណិជ្ជកម្មអន្តរជាតិជាង ៩២០ពាន់លានដុល្លារ អំឡុងពេល២ខែ 

២៨ មីនា ២០២៤ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៤នេះ មហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវ ទំហំពាណិជ្ជកម្មអន្តរជាតិ ៩២០ពាន់លានដុល្លារអាមេរិក កើនឡើងបន្តិច បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

អគ្គនាយកដ្ឋានគយចិន បានឱ្យដឹងថា ការនាំចេញ និងការនាំចូលរបស់ចិន បានកើនឡើងក្នុងអំឡុងពេលនេះ ដោយសារលក្ខខណ្ឌទីផ្សារដែលប្រសើរឡើង ការពង្រីកសមាហរណកម្មក្នុងតំបន់ និង ការពង្រឹងមូលដ្ឋានគ្រឹះពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

 


ដោយទទួលបានអត្ថប្រយោជន៍ពី ភាពរឹងមាំនៃម៉ាក្រូសេដ្ឋកិច្ច និងការបើកកម្រិតកាន់តែទូទាយ នៅទូទាំងប្រទេស ចំនួនអង្គភាពពាណិជ្ជកម្មបរទេសដែលមានកំណត់ត្រានាំចេញ-នាំចូល បានកើនឡើងជាង ៤ម៉ឺនអង្គភាព បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ជាក់ស្តែង ការចល័តឆ្លងកាត់ព្រំដែនមានកាន់តែច្រើន ដោយក្នុងខែមករា និងកុម្ភៈ មានការកើនឡើងជាលំដាប់នៃចំនួនហោះហើរធ្វើដំណើរក្នុង និងក្រៅប្រទេស។
បន្ថែមពីលើការវិវឌ្ឍជាវិជ្ជមានក្នុងការនាំចូល និងនាំចេញ សូចនាករសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងប្រទេសចិន ក៏បានរក្សានូវនិន្នាការអំណោយផល ក្នុងរយៈពេល ២ខែដំបូងផងដែរ។

 


ក្រសួងពាណិជ្ជកម្មចិន បានរាយការណ៍ថា ក្នុងរយៈពេល ២ខែដំបូង ការលក់រាយសរុបនៃទំនិញប្រើប្រាស់ មានការកើនឡើង ៥% ដែលបង្ហាញពីការងើបឡើងវិញជានិរន្តរភាព និងនិន្នាការវិជ្ជមាននៅក្នុងទីផ្សារអ្នកប្រើប្រាស់។ជាចុងក្រោយ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន ក៏បានប្រកាសថា សេដ្ឋកិច្ចឧស្សាហកម្មរបស់ប្រទេសចិន បានរក្សានូវសន្ទុះវិជ្ជមានរបស់ខ្លួន ដោយជាង ៩០% នៃវិស័យឧស្សាហកម្មសំខាន់ៗមានការរីកចម្រើនក្នុងរយៈពេល ២ខែដំបូង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024