ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ADB សម្រេចផ្តល់ជំនួយប្រមាណ ២៣ពាន់លានដុល្លារ សម្រាប់គាំទ្រក្នុងសកម្មភាពអាកាសធាតុ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក

២៦ មេសា ២០២៤ | សេដ្ឋកិច្ច

 

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានសម្រេចផ្តល់ជំនួយប្រមាណ ២៣ពាន់លានដុល្លារ ពីធនធានរបស់ខ្លួនក្នុងឆ្នាំចាស់ ដែលក្នុងនោះ៩,៨ ពាន់ លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុដើម្បីជួយអាស៊ីនិងប៉ាស៊ីហ្វិក បោះជំហានទៅមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមរបាយការណ៍របស់ ADB ដែលបានចេញផ្សាយនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ADB បានគាំទ្រប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ក៏ដូចជាផលប៉ះពាល់នៃជម្លោះអសន្តិសុខស្បៀង និងបំណុលដែលកើនឡើងក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។

 


លោក Masatsugu Asakawa ប្រធាន ADB បានមានប្រសាសន៍ថាទឹកប្រាក់ចំនួន២៣,៦ពាន់លានដុល្លារនេះ រួមមានប្រាក់កម្ចីជំនួយការវិនិយោគទុនការធានានិងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាលនិងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន១៦,៤ពាន់លានដុល្លារជាសហហិរញ្ញប្បទានតាមរយៈភាពជាដៃគូដ៏រឹងមាំរបស់ខ្លួន។

 

 

លោកបានថ្លែងបញ្ជាក់ថា៖ «ADB បានបន្តប្រែក្លាយជាធនាគារអាកាសធាតុសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិកដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងក្នុងការងារបន្សាំ និងកាត់បន្ថយផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលធន់នឹងអាកាសធាតុថាមពលកកើតឡើងវិញនិងការដឹកជញ្ជូនដែលបញ្ចេញកាបូនទាប។»ជាមួយគ្នានេះដែរ ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

 

 

ធនាគារបានពង្រឹងបន្ថែមនូវធនធានមនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។ ទន្ទឹមនេះ ការដោះស្រាយវិសមភាពយេនឌ័របានបន្តជាមូលដ្ឋានគ្រឹះនៃការងាររបស់ធនាគារដោយប្រតិបត្តិការស្ទើរតែទាំងអស់របស់ ADB ក្នុងឆ្នាំ២០២៣ បានរួមចំណែកកាត់បន្ថយអតុល្យភាពដែលនៅសេសសល់រួមទាំងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់យេនឌ័រមិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុ។របាយការណ៍នេះ ក៏បានពន្យល់ពីរបៀបដែល ADB កំពុងវិវឌ្ឍខ្លួនដើម្បីអាចជួយពន្លឿនវឌ្ឍនភាពក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

 

 

កំណែទម្រង់ការគ្រប់គ្រងមូលធនសំខាន់ៗក្នុងឆ្នាំ២០២៣នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១00 ពាន់លានដុល្លារ នៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខ។ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មីរបស់ខ្លួនក្នុងឆ្នាំ២០២៣ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។

 


លោក Asakawa បានបញ្ជាក់បន្ថែមថា៖ «គំរូប្រតិបត្តិការថ្មីរបស់យើងបានអនុញ្ញាតឱ្យ ADB ធ្វើការផ្លាស់ប្ដូរសំខាន់ៗដែលចាំបាច់ដើម្បីផ្តល់នូវការគាំទ្រកាន់តែប្រសើរលឿននិងសមស្របជាងមុនដល់ DMCs របស់យើង»៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024