ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ធនាគារកណ្តាលអាមេរិក រក្សាអត្រាការប្រាក់រង្វង់ ៥,៥% ក្នុងឆ្នាំ ២០២៤

២៧ មីនា ២០២៤ | សេដ្ឋកិច្ច

ធនាគារកណ្តាលអាមេរិក នឹងបន្តរក្សាអត្រាការប្រាក់ ស្ថិតនៅកម្រិតខ្ពស់រង្វង់ ៥,៥% តែយ៉ាងណា នឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ដង នៅឆ្នាំនេះ ដោយបានអះអាងថា កំណើនសេដ្ឋកិច្ចរឹងមាំរបស់អាមេរិក នឹងបន្ត។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

ប្រធានធនាគារកណ្តាលអាមេរិក បានបញ្ជាក់ ធនាគារ នឹងរក្សាអត្រាការប្រាក់គោល រង្វង់ ៥,២៥% ដល់ ៥,៥% ហើយបានប្រកាន់ខ្ជាប់នូវ ទស្សនវិស័យរបស់ពួកគេ សម្រាប់ការកាត់បន្ថយចំនួន ៣ដង នៅឆ្នាំនេះ ខណៈពេលវេលានៃការកាត់បន្ថយទាំងនោះ នៅតែអាស្រ័យលើ អតិផរណា ដែលរំពឹងបន្តធ្លាក់ចុះទៅរកគោលដៅ ២% របស់ ធនាគារកណ្តាល។

 


ធនាគារកណ្តាល ក៏បានទុកអត្រាការប្រាក់មិនផ្លាស់ប្តូរ និងបានចេញផ្សាយការព្យាករណ៍សេដ្ឋកិច្ចប្រចាំត្រីមាសថ្មី ដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិក នឹងកើនឡើង ២,១% នៅឆ្នាំនេះ។

 


ទន្ទឹមនឹងនេះ អត្រាអ្នកអត់ការងារធ្វើ ត្រូវបានគេរំពឹងថា នឹងឡើងដល់ ៤% ត្រឹមចុងឆ្នាំ ២០២៤ ដែល បានផ្លាស់ប្តូរពីកម្រិត ៣,៩% នាពេលបច្ចុប្បន្ន។គួរជម្រាបថា កាលពីឆ្នាំមុន គោលនយោបាយរបស់អាមេរិក បានបង្ហាញពីភាពជោគជ័យ ដោយអតិផរណា បានថយចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ក្នុងឆ្នាំ ២០២២ ខណៈពេលដែល សហរដ្ឋអាមេរិក អាចជៀសផុតពីវិបត្តិសេដ្ឋកិច្ច ដោយសារកំណើនសេដ្ឋកិច្ចខ្លាំងដែលមិននឹកស្មានដល់៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024