ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ចូលវ័យ ៣៤ ឆ្នាំកញ្ញា មាន សូនីតា ដ្បិតមិនទាន់មានដំណឹងរៀបការជាមួយគូស្នេហ៍ ក៏ប៉ុន្តែកញ្ញាបានដាក់គោលដៅសម្រេចបំណងធំ២ឱ្យបានក្នុងឆ្នាំ២០២៤នេះ។
ថ្វីដ្បិតតែដើមឆ្នាំ ២០២៤ នេះតារាសម្តែង មាន សូនីតា ពុំទាន់មានដំណឹងរៀបការ ប៉ុន្តែនាងបានសម្រេចបំណងប្រាថ្នាធំពីរផ្ទួនៗគ្នា ដែលជាកាដូធំនៅក្នុងថ្ងៃខួបកំណើតវ័យ ៣៤ ឆ្នាំរបស់ខ្លួនឆ្នាំនេះ ។
គម្រោងការងារធំពីររបស់តារាល្បីឈ្មោះរូបនេះ ដែលបានលេចចេញជារូបរាងនៅដើមឆ្នាំ ២០២៤ នេះ រួមមានគម្រោងការងារផលិតកម្មវិធី « កម្ពុជា ឋានសូគ៌លើដី » និងគម្រោង Cover បទចម្រៀង ព្រមទាំងថត MV ចម្រៀងថ្មីមួយដែលបានចំណាយថវិការផ្ទាល់ខ្លួនផលិតឡើងដើម្បីទុកជាអនុស្សាវរីយ៍ ។
កញ្ញា បាននិយាយថា នាងបានជំនះចិត្តដើម្បី Cover បទចម្រៀងដែលមានចំណងជើងថា « ព្យាយាមគ្មានន័យ » ដែលជាសំនៀងដើមរបស់ តារាចម្រៀង មាស សុខសោភា ដូចដឹងស្រាប់ហើយថា កន្លងមកមានទស្សនិកជនជាច្រើនរិះគន់ និងមើលងាយសម្លេងរបស់នាង ដោយសារនាងមានសម្លេងមិនពិរោះ តែទោះជាយ៉ាងណា មាន សូនីតា បានខំប្រឹងធ្វើអស់ពីសមត្ថភាព ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួននៅក្នុងឆ្នាំ ២០២៤នេះ ។
នេះជាលើកទីមួយហើយដែលរាជនីក្រមារូបនេះ ក្លាហានជម្នះ ថតបទចម្រៀងនេះឡើង បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈអស់ពេល ១៥ ឆ្នាំ ។ មានសូនីតា សង្ឃឹមថាមហាជននិងពេញចិត្តបទចម្រៀងដែលនាងបានច្រៀង ហើយឈប់រិះគន់សម្លេងនាងដូចមុនទៀត ។
កាលពីឆ្នាំមុនកញ្ញា មាន សូនីតា ធ្លាប់បានបញ្ជាក់ប្រាប់ថា នាងគ្រោងនឹងរៀបការនៅបំណាច់ឆ្នាំ ២០២៣ ឬ ក្នុងឆ្នាំ ២០២៤ ពេលនេះចូលឆ្នាំថ្មីហើយ នាងនៅតែពុំទាន់ដឹកដៃគូស្នេហ៍ចូលរោងការទៀត ។
ចំពោះរឿងនេះ មាន សូនីតា បានចេញមុខប្រកាសសាជាថ្មីថា « រឿងរៀបការខ្ញុំមិនទាន់មានគម្រោងរៀបចំនៅឡើយទេ ដោយសារយើងទាំងពីរនាក់ពុំទាន់ច្បាស់រៀងៗខ្លួន ។
ទោះបីជា មាន សូនីតា និយាយបែបនេះក្តី តែមើលទៅអារម្មណ៍ និងទឹកចិត្តនាង គឺនាងចង់រៀបការឆាប់ៗដូចជាមិត្តសិល្បករផ្សេងដែរ ប៉ុន្តែដៃគូរបស់នាងនៅពុំទាន់អូខេចំពោះរឿងនេះ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក