ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

សុខចិត្តពន្យារពេលរៀបការ ឆឹម សក្កដា ផ្តោតលើការងារធំៗមានកិត្តិយសមុខមាត់ និងតម្លៃខ្លួនធំរាប់ម៉ឺនដុល្លារ 

២០ កុម្ភៈ ២០២៤ | កម្សាន្ដ

 

បុរសសង្ហា ឆឹម សក្ខដា សុខចិត្តពន្យាពេលរៀបការជាមួយតារាចម្រៀង ពេជ្រ សោភា  ដើម្បីទទួលការងារធំៗជាច្រើនពីបណ្តាក្រុមហ៊ុនក្នុងនិងក្រៅប្រទេស ដែលផ្ដល់នូវមុខមាត់កិត្តិយស និងតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ។  

 

 

បំណងរៀបការរបស់តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែងរូបសង្ហា ឆឹម សក្កដា ក្នុងឆ្នាំ ២០២៤ នេះត្រូវពន្យាពេលជាថ្មីម្តងទៀតហើយ បន្ទាប់ពីលោក សុខចិត្តជ្រើសរើសការងារដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជាងដឹកដៃគូស្នេហ៍ចូលរោងការ ។

 

 

 មួយរយៈពេលចុងក្រោយនេះលោក ឆឹម សក្កដា មិនត្រឹមតែបាត់មុខពីឆាកសម្តែងប៉ុណ្ណោះ សូម្បីតែឆាកតន្រ្តី និងបទចម្រៀងក៏លោកមិនចេញញឹកញាប់ដូចមុនដែរ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនឆ្ងល់ថា តើតារាប្រុសរូបសង្ហានេះ បាត់មុខទៅណា ? សូម្បីតែពេលវេលាបណ្តើរគ្នាជាមួយគូដណ្តឹងខ្លួនក៏ពុំឃើញដែរ ។ 

 


តាមពិតតារាសម្តែងរូបនេះ មិនបានបាត់មុខទៅណាឆ្ងាយទេ លោកនៅក្នុងទីក្រុង ភ្នំពេញ យើងនេះ ។ លោក ឆឹម សក្កដា បានបញ្ជាក់ប្រាប់ថា ថ្មីៗនេះលោកទទួលការងារពីក្រុមហ៊ុនធំមួយនៅក្រៅប្រទេស ដូច្នេះហើយទើបលោកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការទទួលការងារសម្តែង ក៏ដូចជាការងារចម្រៀង ប៉ុន្តែទោះជាយ៉ាងណា លោកនឹងវិលត្រឡប់មកកាន់វិស័យនេះវិញបន្ទាប់ពីលោកបំពេញការងារនោះចប់ ។ 

 

 

ការងារដែលលោក ឆឹម សក្កដា កំពុងធ្វើនេះត្រូវបានគេដឹងថា មានតម្លៃរាប់ម៉ឺនដុល្លារ ដែលជាការងារធំដែលលោកទទួលធ្វើមុននឹងដឹកដៃគូដណ្តឹង ពេជ្រ សោភា ចូលរោងការ ។ លោក ឆឹម សក្កដា បានប្រាប់ផងដែរថា លោកសុខចិត្តទទួលការងារធំនេះ ហើយពន្យាពេលរៀបការទៅចុងឆ្នាំ ២០២៥ វិញ ដើម្បីសន្សំប្រាក់ឱ្យបានច្រើន កុំឱ្យជីវិតជួបនូវការលំបាក ។ចំណែកដៃគូរបស់លោកក៏មិនជំទាស់រឿងនេះដែរ ។លោក ឆឹម សក្កដា នៅតែជឿជាក់លើស្នេហារបស់ខ្លួន លោកថា ជិត ១០ ឆ្នាំហើយដែលយើងស្រឡាញ់គ្នា ចាំតែមួយឆ្នាំ ឬ ពីរឆ្នាំទៀត ក៏គ្មានបញ្ហាដែរ សំខាន់ម្នាក់ៗសប្បាយចិត្ត ។

 

 

សូមបញ្ជាក់លោក ឆឹម សក្កដា បានភ្ជាប់ពាក្យដោយសម្ងាត់ជាមួយតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពួកគេប្រកាសប្រាប់ទស្សនិកជន និងអ្នកគាំទ្រពួកគេថានឹងរៀបការឆាប់ៗ ក៏ប៉ុន្តែដំណឹងនេះតែពន្យារពេលរហូត។ ទន្ទឹមនេះនឹងអ្នកទាំងពីរក៏តែងលេចលឺដំណឹងពីរឿងបាក់បែកគ្នាផងដែរ មុននឹងដំណឹងនេះត្រូវបានអ្នកទាំងពីរប្រកាសផ្សារភ្ជាប់គ្នាឡើងវិញ ៕ 
  

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ភីអិនអិន និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024