ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
សេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនបានល្អប្រសើរ ដោយសារមានការទ្រទ្រង់ពីវិស័យ៣សំខាន់ៗ គឺឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយក្នុងនោះ ដំណាំកសិឧស្សាហកម្មរួមមាន កៅស៊ូ និងដំឡូង មាននិន្នាការកាន់តែល្អប្រសើរដែលជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ កំណើននៃឧស្សាហកម្មយានយន្ដ និងរបកគំហើញថ្មីនៃរថយន្ដ គឺជាហេតុផលចម្បងដែលធ្វើឲ្យទីផ្សារនៃឧស្សាហកម្មកៅស៊ូមានការរីកចម្រើន ។ បណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក គឺជាទីផ្សារធំបំផុតសម្រាប់ឧស្សាហកម្មកៅស៊ូ ដោយសារតែកំណើននៃឧស្សាហកម្មយានយន្ដ។ ចំណែកអាមេរិកខាងជើង ត្រូវបានគេរំពឹងថា នឹងមានកំណើនរឹងមាំ ខណៈដែលបណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ត្រូវបានរំពឹងថា នឹងមានកំណើនយ៉ាងឆាប់រហ័សលើទីផ្សារមួយនេះក្នុងពេលអនាគត ។
ទៀតសោទ កៅស៊ូកម្ពុជា ត្រូវបានអន្តរជាតិទទួលស្គាល់ថាជាប្រទេសដែលមានចម្ការកៅស៊ូល្អមានទិន្នផលខ្ពស់និងផលិតផលកៅស៊ូប្រកបដោយគុណភាពល្អនៅក្នុងតំបន់អាស៊ី។ ការដាំដុះ និងនាំចេញទិន្នផលកៅស៊ូរបស់កម្ពុជាកាន់តែប្រសើរឡើង បើទោះជាកេរ្តិ៍ឈ្មោះកៅស៊ូកម្ពុជាមិនសូវល្បីល្បាញនៅក្នុងប្រទេសឧស្សាហកម្មធំៗដូចជា សហភាពអឺរ៉ុប ចិន ឬ អាមេរិកក្តី។ ដោយសារតែភាពប្រសើរឡើងនៃវិស័យនេះ កៅស៊ូបានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យរក្សាបាននូវកំណើន៧%ជារៀងរាល់ឆ្នាំ ។ជុំវិញរឿងនេះ លោក គុយ ភក្តី អនុប្រធាននាយកដ្ឋានទទួលបន្ទុក នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យសេដ្ឋកិច្ច ភីអិនអិនដឹងថា ចំពោះស្ថានភាពសព្វថ្ងៃនេះក្នុងឆ្នាំ២០២៣កន្លងទៅនេះ យើងឃើញថា ផ្ទៃដីដាំកៅស៊ូបច្ចុប្បន្នសរុបមានចំនួន ៤រយ៧ពាន់១៧២ហិចតា កើនឡើងចំនួន២៥៩៤ហិតតា ស្មើរនឹង០,៦៤% បើធៀបទៅនឹងឆ្នាំ២០២២។
ក្នុងនោះផងដែលផ្ទៃដី ត្រូវបានបែងចែកជា២ផ្នែក គឺផ្ទៃដីកសិឧស្សាហកម្មមានចំនួន ២រយ២៦ពាន់៨៤០ហិតតា ស្មើរនឹង៥៦% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន១៨០ពាន់៣៣២ហិចតា ស្មើរនឹង៤៤%នៃផ្ទៃដីកៅស៊ូសរុប។ ហើយការដាំដុះកៅស៊ូ ដើម្បីឲ្យទទួលបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់គឺ ត្រូវការរយះពេល៣០ឆ្នាំឡើងទៅ ក្នុងនោះដែលចំពោះការថែរទាំត្រូវមានរយះពេល៥ឆ្នាំ បូករួមទាំងការប្រមូលផលត្រូវមានរយះពេល២៥ឆ្នាំបន្ថែម។ លោក គុយ ភក្តី អនុប្រធាននាយកដ្ឋានទទួលបន្ទុក នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងបន្តទៀតថា ផលិតកម្មកៅស៊ូឆ្នាំ២០២៣នេះ ផ្ទៃដីកៅស៊ូយកផលមានចំនួន ៣២០ពាន់១៨៤ហិចតា បានកើនឡើងចំនួន៤ពាន់៨រយ៥២ហិតតា ស្មើរនិង១,៥% ធៀបនឹងឆ្នំា២០២២។
ផលិតផលកៅស៊ូសម្រេចបានចំនួន៣៩១ពាន់៨រយតោន កើនឡើងចំនួន ៩ពាន់៨រយតោន ស្មើរនឹង ២,៥៦% បើធៀបនិងឆ្នាំ២០២២។ ទិន្នផលជាធមុ្យមមានចំនួន១ពាន់២២៨គីឡូក្រាមក្នុង១ហិចតា កើនឡើង១៦គីឡូក្រាមក្នុង១ហិចតា ស្មើរនិង១,៣% ធៀបនិងឆ្នាំ២០២២ ដោយសារតែនៅក្នុងឆ្នាំ២០២៣នេះ កៅស៊ូដល់អាយុពេញប្រមូលផលច្រើន។ ក្នុងឆ្នំា២០២៣នេះ ចំណូលសរុបទទួលបានពីការលក់ផលិតផលកៅស៊ូជាង ៥៣៧លានដុល្លា កើនឡើងប្រមាណ៦,២លានដុល្លាអាមេរិច ស្មើរនិង១,២% បើធៀបនិងឆ្នាំ២០២២។ ការនាំចេញផលិតផលជ័រកៅស៊ូសម្រេចបានចំនួន ៣៦៨ពាន់០៤៨តោន គិតជាទឹកប្រាក់ប្រមាណជាង ៤៩០លានដុល្លាអាមេរិច ថយចុះប្រមាណ៤៨៥៥តោន ស្មើរនិងដក១,៣% បើធៀបនិងឆ្នាំ២០២២។
ចំពោះស្ថានភាពទីផ្សារ និងការដាំដុះដំណាំកៅស៊ូនៅពេញមួយឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង ៥រយលានដុល្លារ កើនឡើងជាង ២៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។គូររំលឹកថា វិស័យកៅស៊ូ បានធ្វើឱ្យកើនឡើងនូវរូបិយប័ណ្ណបរទេសតាមរយៈការនាំចេញ ជួយបង្កើនការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកទាក់ទាញការវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃផលិតផលពាក់កណ្តាលសម្រេច ហើយនាពេលអនាគត អាចនឹងមានវិនិយោគិនបរទេសបង្កើតរោងចក្រកែច្នៃផលិតផលសម្រេចផងដែរ។
ដំណាំកៅស៊ូ ផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ប្រាក់ចំណូលក្នុងខឿនសេដ្ឋកិច្ចជាតិជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការអភិវឌ្ឍន៍ផ្នែកកសិឧស្សាហកម្ម បង្កើតការងារនៅមូលដ្ឋានជនបទ និងទប់ស្កាត់ការធ្វើចំណាក់ស្រុក មានការអភិវឌ្ឍចូលរួមកាត់បន្ថយភាពក្រីក្រ ទប់ទល់នឹងភាពក្តៅខ្លាំងនៃអាកាសធាតុ ការហូរច្រោះនៃទឹក និងកបង្កើតជាគម្របបៃតងជំនួសព្រៃឈើដែលរិចរិល និងផ្តល់ឈើសម្រាប់ប្រើប្រាស់និងធ្វើអុសដុត។ ក្រៅពីនេះ វិស័យកៅស៊ូក៏បានចូលរួមចំណែកបង់ពន្ធជូនរដ្ឋជាច្រើនដែរដូចជា ពន្ធប្រាក់ចំណេញ និងពន្ធនាំចេញជាដើម ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាទទួលបានចំណូលជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២១។ គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបនៅកម្ពុជាមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ៕ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា ចំណែកឯទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជាវិញ មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ