ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥

 សារ៉ាយ សក្កណា ប៉ះ ជា សុវណ្ណនរាហ៍ ក្នុងរឿង «ស្រលាញ់បងល្អពេក» កំប្លែងលើសការរំពឹងទុក

១១ មករា ២០២៤ | កម្សាន្ដ


តារាសម្តែងស្រីពោរពេញដោយទេពកោសល្យសិល្បៈ សារ៉ាយ សក្កណា មានឱកាសសម្តែងប៉ះដៃគូចាស់ម្តងទៀតហើយ គឺលោក ជា សុវណ្ណនរាហ៍ ក្នុងរឿង «ស្រលាញ់បងល្អពេក» ជាវណ្ណកម្មស្នាដៃភាពយន្តថ្មីសន្លាងដែល LD Entertainment ជ្រើសយកមកបើកទំព័រទីផ្សារឆ្នាំ២០២៤។

 

 

ជាការស្វាគមន៍ខ្សែភាពយន្តថ្មីនេះ LD Entertainment បានរៀបចំពិធីសម្ភោធរឿង «ស្រលាញ់បងល្អពេក» យ៉ាងអធិកអធម នៅបរិវេនផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល កាលពីល្ងាចថ្ងៃទី១០ ខែមករា ម្សិលមិញ ដោយមានការចូលរួមពីសិល្បករ-សិល្បការនីយ៉ាងច្រើនកុះករ នាឱកាសអបអរការចាក់បញ្ចាំងភាពយន្តថ្មីនេះ។

 

 

ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃសម្ភោធរឿង «ស្រលាញ់បងល្អពេក» លោក លៀក លីណា អ្នកគ្រប់គ្រង និងចាត់ការទូទៅក្នុងផលិតកម្ម LD Entertainment បានឱ្យដឹងថា ការជ្រើសយករឿងបែបកំប្លែងមកបើកទំព័រទីផ្សារឆ្នាំថ្មី គឺដោយសារ LD ចង់ផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ដោយគ្រប់គ្នាអាចមកស្រូបយកផ្ទាំងទស្សនីយភាពបែបស្រុកស្រែចម្ការ មើលទៅត្រជាក់ភ្នែកត្រជាក់ចិត្តម្តង។

 

 

ម៉្យាង រឿងនេះជាប្រភេទរឿងកំប្លែង ហើយអត្ថចរិកតួឯកប្រុសស្រីក្នុងរឿងនេះពិតជាស័ក្កសមឥតខ្ចោះជាមួយតារាសម្តែង សារ៉ាយ សក្កណា និង ជា សុវណ្ណនរាហ៍ ដែលអ្នកទាំងពីរនឹងមកបន្ថែមរសជាតិរឿងនេះឱ្យកាន់តែមុតស្រួចសម្រាប់ចក្ខុទស្សនិកជន។

 

 

ស្ថិតក្នុងឈុតសម្លៀកបំពាក់បែបស្រុកស្រែ ដៃគូសម្តែងចាស់ដ៏ស័ក្កសម សក្កណា និង សុវណ្ណនរាហ៍ ក៏បានឱ្យដឹងថា រឿងនេះមានឈុតឆាកកំប្លែងច្រើនខ្លាំង ហើយសុទ្ធសឹងជាឈុតពិសេសៗតែម្តង។

 

 

រូបភាពវាលស្រូវស្រុកស្រែ ស្នេហារវាងនារីក្លាហាន អនុស្សា និងកំលោះល្អពេក នឹងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចក្អាកក្អាយ សូម្បីលោក ជា សុវណ្ណនរាហ៍ ក៏ទទួលស្គាល់ថា ការសម្តែងនេះពិតជាថ្មីសម្រាប់លោកខ្លាំងមែនទែន ព្រោះផលិតករផ្លាស់ប្តូរ character ប្លែកឱ្យលោក ដែលគ្រប់គ្នានឹកស្មានមិនដល់។

 

 

ក្នុងនោះផងដែរ ស្រីស្អាត ឆាយ នីតា និងតារាសម្តែង ង៉ែត សុវណ្ណលីតា ក៏បង្ហើបពីការសម្តែង និងទំហំនៃភាពកំប្លុកកំប្លែងក្នុងរឿងនេះ ថែមទាំងផ្តាំទៀតថា បើចង់ចេះតិចនិកតាមញ៉ែបុរសសង្ហាឱ្យជោគជ័យ កុំភ្លេចមកទស្សនារឿងនេះឱ្យសោះ។

 

 

សូមជម្រាបថា រឿង «ស្រលាញ់បងល្អពេក» មានការចូលរួមសម្តែងដោយ លោក ជា សុវណ្ណនរាហ៍, សារ៉ាយ សក្កណា, ឆាយ នីតា, BIG, ង៉ែត សុវណ្ណនីតា, ម៉ានូ សិល្បៈ, នាង អ៊ីត, យ៉ាពីន, ពូខេន, ឌឿ វិសាល, គី ឈាងហេង រួមទាំងតារាកិត្តិយសជាច្រើនរូបទៀត។  រឿង «ស្រលាញ់បងល្អពេក» ឬ «Good Man» ចាប់ចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជាពីថ្ងៃទី១១ ខែមករានេះតទៅ!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025