ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ធនាគារពិភពលោក បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥.៤% ក្នុងឆ្នាំនេះ ខណៈកម្ពុជា មើលឃើញពីកំណើនសេដ្ឋកិច្ចថ្មីក្នុងឆ្នាំ២០២៤

២៤ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

ធនាគារពិភពលោក បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៥.៤% ក្នុងឆ្នាំ ២០២៣នេះ ខណៈរាជរដ្ឋាភិបាល មើលឃើញពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ ថានឹងកើនដល់ ៦.៦ភាគរយ ដែលបានមកពីការជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងវិស័យសំខាន់បន្ថែម។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ បានបង្ហាញក្ដីរំពឹងថា កម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយនៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។

 


សម្តេចធិបតីមានប្រសាសន៍ថា៖«ជាមួយនិងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះនិងវិធានការមុតស្រួចនានាដែលត្រូវបានដាក់ចេញកន្លងមកនិងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខកម្ពុជារំពឹងថា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៥.៦ភាគរយនៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។  

 


ទោះបីមានការរំពឹងបែបនេះក៏ដោយប្រមុខរាជរដ្ឋាភិបាលក៏មិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើ់ងផងដែរដោយសម្តេចបញ្ជាក់ថា៖«ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំនិងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឱ្យបាននូវភាពធន់និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង។

 


រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវឤទិភាពគន្លឹះ ចំនួន ៥ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក និង (ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ឆ្នាំ ២០៥០។

 


យ៉ាងណាក៏ដោយម្សិលមិញនេះធនាគារពិភពលោក បានចេញនូវការព្យារណ៍ថ្មីបន្ថែមពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ពី៥.៥ ភាគរយ មកនៅត្រឹម ៥.៤% ក្នុងឆ្នាំ ២០២៣នេះ ។តាមរយៈការព្យាករណ៍នេះ ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។

 


លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានបញ្ជាក់ថា«ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ»។  លោកស្រី ម៉ារីយ៉ាម បានសង្កត់ធ្ងន់ថា ការរក្សាស្ថេរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ ហើយត្រូវតែខិតខំស្តារលំហសារពើពន្ធថែមទៀត។

 


 ទោះមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី តែផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិក នៅមានកម្រិត និងការផ្គត់ផ្គង់ថាមពល ពិបាកទុកចិត្តបាន ហើយបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យមវិញ វិបត្តិខាងក្រៅដែលកើតឡើងក្នុងពេលតែមួយ រួមបញ្ចូលទាំងការរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន, និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024