ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីរបាយការណ៍នាំចេញកសិផល ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៣នេះ កម្ពុជា សម្រេចការនាំចេញកសិផលបាន ក្នុងតម្លៃទឹកប្រាក់ជាង ៣ពាន់ ២០០លានដុល្លារអាមេរិក ជាមួយនឹងបរិមាណជាង ៥លានតោន។ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណជាង ៥លាន ៥សែនតោន ទៅកាន់ទិសដៅ ៧១ប្រទេស ថយចុះចំនួន ១៣%។
កសិផលសំខាន់ៗដែលបាននាំចេញមានដូចជា អង្ករនាំចេញជាង ៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជិត ៤០០លានដុល្លារ ស្រូវនាំចេញជាង ១លាន ៨សែនតោន គិតជាទឹកប្រាក់ ៦៥៨លានដុល្លារ ខណៈកសិផលក្រៅពីស្រូវអង្ករត្រូវបាននាំចេញជាង ៣លាន ៣សែនតោន ជាមួយនឹងទឹកប្រាក់នាំចេញជាង ២ពាន់លានដុល្លារ។
អ្នកជំនួញនៅក្នុងវិស័យកសិកម្មមួយរូប ធ្លាប់បានលើកឡើងថា វាជាពេលវេលាមួយ ដែលវិស័យនេះត្រូវតែធ្វើពិពិធកម្មទំនើប ដូចទៅនឹងបណ្តាប្រទេសជឿនលឿនដទៃទៀតដែរ ហើយដើម្បីរក្សាលំនឹងក៏ដូចជាបង្កើនការនាំចេញផលិតផលកសិកម្ម កម្ពុជា ចាំបាច់ត្រូវតែពង្រឹងទាំងធនធានថវិកា និងធនធានមនុស្សឲ្យដើរស្របគ្នា ជាពិសេសបន្តគៀងគរកម្លាំងជំរុញការវិនិយោគពីបរទេស។
សូមជម្រាបថា នៅ ៣ត្រីមាសដើមឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៣៥ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះប្រមាណ ៣% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ