ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ក្រោយបើកចំហឱ្យសាធារណជនដឹងពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមហើយនោះ សារី ស្រីពេជ្រ និង រីប៊ើ ភារីន ស្រាប់តែប្រកាសចង់សម្តែងរួមគ្នាទៀត ព្រោះពេលនេះនៅមិនទាន់មានឈុតថតប៉ះគ្នាម្តងណាឡើយ។
ទំនាក់ទំនងស្នេហាផ្អែមល្អែមរបស់ Miss Petite Global 2022 កញ្ញា សារី ស្រីពេជ្រ និងអ្នកផលិតមាតិកាវ័យក្មេងជាកូនកាត់ខ្មែរ-ស្វីស លោក រីប៊ើ ភារីន ឬគេស្គាល់ថា Justin In កាន់តែផ្អែមល្អែមឡើងរាល់ថ្ងៃ ដោយញឹកញាប់គេរមែងឃើញគូស្នេហ៍វ័យក្មេងទាំងពីរបណ្តើរគ្នាដូចលលកញីឈ្មោលចូលរួមកម្មវិធីសិល្បៈផ្សេងៗ ថែមទាំងទទួលធ្វើការងាររួមគ្នាជាច្រើនទៀតផង។
ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ ស្រីពេជ្រ និង ភារីន ឱ្យដឹងថា កន្លងមកអ្នកទាំងពីរធ្លាប់រួមការងារជាមួយគ្នាមកច្រើនហើយ និងធ្លាប់បានថតសម្តែងរឿងខ្លី និងរឿងភាគជាមួយគ្នាទៀតផង គ្រាន់តែមិនមានឈុតឆាកដែលត្រូវសម្តែងប៉ះគ្នា។
និយាយមិនលាក់លៀម គូស្នេហ៍វ័យក្មេងនេះថា ប្រសិនបើមានឱកាសអ្នកទាំងពីរក៏ចង់សម្តែងប៉ះគ្នាក្នុងភាពយន្តណាមួយ ដោយមិនប្រកាន់ថា សាច់រឿង ឬតួអង្គនោះបែបណាឡើយ សំខាន់ឱ្យតែផលិតករផ្តល់ឱកាសឱ្យ។
បើទោះបីជាពេលនេះអ្នកទាំងពីរនៅមិនទាន់មានឱកាសបានសម្តែងរួមគ្នាចិត្តចង់ក៏ពិតមែន ប៉ុន្តែពួកគេសុទ្ធតែមានការងារសិល្បៈរៀងខ្លួនដែលត្រូវបំពេញ ហើយក៏មានស្នាដៃភាពយន្តថ្មីរៀងខ្លួនដែលបានកំពុងត្រៀមនឹងចាក់បញ្ចាំងនាពេលឆាប់នេះ។
ស្ត្រីខ្មែរដំបូងគេដែលបំបែកកំណត់ត្រាជូនជាតិកម្ពុជាលើឆាកអន្តរជាតិ សារី ស្រីពេជ្រ បង្ហើបឱ្យដឹងថា នាងមានស្នាដៃភាពយន្តថ្មីច្រើនគួរសម ដែលត្រៀមនឹងចាក់បញ្ចាំងជូនទស្សនិកជនបានទស្សនានាពេលឆាប់ៗនេះ ខណៈតារា Tik Tok កូនកាត់ខ្មែរ-ស្វីស កំពុងសំងំថតរឿងភាគខ្នាតចំនួន២ ជាមួយស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន។ គូស្នេហ៍វ័យក្មេងក្នុងរង្វង់សិល្បៈនេះ សង្ឃឹមថា ពុកម៉ែបងប្អូន នឹងគាំទ្រស្នាដៃថ្មីៗរបស់ពួកគេទាំងពីរ ដែលត្រៀមនឹងចាក់បញ្ចាំងជូនទស្សនានាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច