ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ឆ្លងកាត់ការសម្តែងរាប់មិនអស់ ខ្លឹម ស្រីគា មិនដែលស្រក់ទឹកភ្នែកឈឺចាប់ក្នុងរឿងណាមួយទេ។ តែវត្តមាននៅក្នុងរឿង « ស្នេហា Cover » ស្រាប់តែកញ្ញាស្រក់ទឹកភ្នែក ហើយយល់ពីអារម្មណ៍ធ្វើជាម្តាយគេពិបាកយ៉ាងណានៅពេលដែលត្រូវទះកូនខ្លួនឯង ។
តារាសម្តែងកញ្ញា ខ្លឹម ស្រីគា ខកខានក្នុងការថតភាពយន្តមួយរយៈមកហើយដោយសារតែបញ្ហាឡើងគីឡូខ្លាំង។ ដោយឡែកថ្មីៗនេះ ស្រាប់តែលេចមុខនាងនៅក្នុងរឿងភាគថ្មីរបស់របស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « ស្នេហា Cover » ដោយនាងសម្តែងជាតួអង្គម្តាយម្នាក់ដែលមានចិត្តល្អ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងឈឺចាប់ និង ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននោះគឺពេលដែលសម្តែងឈុតទះកូនខ្លួនឯង ។
ជួបជាមួយអតីត Miss Grand Cambodia រូបនេះ នៅក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងរឿង « ស្នេហា Cover » កាលពីពេលថ្មីៗនេះ នាងបានរៀបរាប់ប្រាប់ថា រឿង « ស្នេហា Cover » គឺជារឿងភាគថ្មីមួយដែលនាងស្រឡាញ់ពេញចិត្តបំផុត បើទោះបីជាក្នុងរឿងនេះនាងសម្តែងជាតួអង្គម្តាយក៏ពិតមែន ប៉ុន្តែបានធ្វើឱ្យនាងយល់ពីអារម្មណ៍ និងទឹកចិត្តម្តាយ នៅពេលដែលត្រូវទះកូនជាទីស្រឡាញ់ ។
ទន្ទឹមនិងការលេចមុខក្នុងរឿងភាគថ្មីនេះ កញ្ញា ក៏បានចូលរួមសម្តែងនៅក្នុងរឿងភាគថ្មីមួយទៀតរបស់ទូរទស្សន៍ ភីអិនអិន ផងដែរ ថ្វីត្បិតតែក្នុងរឿងភាគថ្មីនេះនាងត្រូវសម្តែងជាតួអង្គម្តាយក៏ពិតមែន តែនាងមិនតូចចិត្តឡើយ ដោយសារតួម្តាយក៏ខ្លាំងមិនចាញ់តួឯកដែរ ។
កញ្ញា ខ្លឹមស្រីគា ចាប់ផ្តើមមានហាងឆេងក្នុងសិល្បៈឡើងវិញហើយ បន្ទាប់ពីបានខំប្រឹងសម្រកទម្ងន់ឱ្យមានរាងស្លីមស្អាតឡើងវិញ ។ ខ្លឹម ស្រីគា ថែមទាំងបាននិយាយថា ពេលដែលនាងធាត់ឡើងគីឡូខ្លាំង ធ្វើឱ្យនាងបាត់បង់ទាំងប្រាក់ចំណូល បាត់បង់ទាំងការងារ ដូច្នេះហើយទើបនាងសម្រេចចិត្តប្រឹងប្រែងតស៊ូសម្រកគីឡូ ដើម្បីទទួលការងារនិងប្រាក់ចំណូលមកវិញ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា