ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
មន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា រំពឹងថាទីផ្សារមូលបត្រកម្ពុជា នឹងបន្តបោះជំហានយ៉ាងលឿនទៅមុនមួយជំហ៊ានទៀត ក្រោយការរៀបចំរដ្ឋាភិបាលអាណត្តិថ្មី ដោយមើលឃើញពីកំណើននៃការជួញដូរមូលបត្រក្នុងផ្សារហ៊ុន នៅតែបន្តមានការកើនឡើង បើទោះបីពិភពលោកកំពុងជួបញ្ហាវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយគ្រែន ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ទំហំនៃការជូញដូរមូលបត្រ ក្នុងផ្សារ នៅតែរក្សាបានចរន្តទិញលក់ ទោះបីរងការគំរាមគំហែងពីវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយគ្រែន ។ គ្រាន់តែទំហំនៃការជួញដូរ មានទំហំតូចជាងមុនពេលមានវិបត្តិសកល ជាក់ស្តែងក្នុងទីផ្សារកម្ពុជា ឯ.ក នៅតែមើលឃើញពីតម្រូវការនៃការជួញដូរ នៅរក្សាបាននៅកំណើរច្រើន ហើយការចូលរួមពីវិស័យឯកជន និងរដ្ឋ នៅតែបន្តចុះបញ្ជីបោះលក់មូលបត្ររបស់ខ្លួនជាបន្តបន្ទាប់។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា នាពេលថ្មីៗនេះ ឯ.ក បានលើកទឹកចិត្តអោយវិស័យឯកជនបន្តចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជាបន្តបន្ថែម ដើម្បីបន្តបោះផ្សាយលក់មូលបត្ររបស់ខ្លួន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តរក្សាអោយបាននូវកំណើនសេដ្ឋកិច្ចជាតិ ។
ឯ.ក ក៏បានបង្ហើបដែលថា នៅបំណាច់ឆ្នាំនេះ នឹងមានក្រុមហ៊ុន ឯកជនថ្មី១ទៀត ចុះបញ្ជីបោះផ្សាយលក់នូវមូលបត្របំណុល ហើយនិយ័តករមូលបត្រកម្ពុជា រំពឹងថា នឹងមានការបោះផ្សាយលក់នូវមូលបត្រកម្មសិទ្ធពីក្រុមហ៊ុនឯកជនផ្សេងទៀត ក្នុងពេលឆាប់ៗខាងមុខផងដែរ។
គួរបញ្ជាក់ថា គិតបំណាច់ឆ្នាំ២០២២ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៩ស្ថាប័ន ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៨ស្ថាប័ន ហើយមានក្រុមហ៊ុនធំៗជាច្រើនទៀត កំពុងពិចារណាចូលផ្សារហ៊ុនជាបន្តបន្ទាប់៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ