ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ការពិតរយៈពេលច្រើនឆ្នាំដែល ពិធីករ និងជាតារាសម្តែង លោក រក្សា បាត់មុខពីវិស័យសិល្បៈខ្មែរ គឺលោកងាកទៅប្រកបរបររកស៊ីអនឡាញនៅប្រទេសថៃ ហើយបច្ចុប្បន្នលោកកំពុងជោគជ័យខ្លាំងលើរបរអនឡាញនេះ។គិតមកទល់ពេលនេះ រយៈពេលច្រើនឆ្នាំមកហើយដែល ពិធីករ និងជាតារាសម្តែង លោក រក្សា បានចាកឆ្ងាយពីការងារសិល្បៈ ពោលគឺក្រោយពេលលោកឡាយលក់សម្លៀកបំពាក់ក្រោមស្ពាននៅប្រទេសថៃ ដើម្បីយកប្រាក់មើលជំងឺមហារីកម្តាយ កាលពីប៉ុន្មានឆ្នាំមុន។
ប្រាប់ឱ្យភីអិនអិនដឹងកាលពីពេលថ្មីៗនេះ តារាសម្តែងរូបនេះថា ការដែលលោកបាត់មុខពីសិល្បៈខ្មែរច្រើនឆ្នាំនេះ គឺដោយសារលោករវល់ប្រកបរបររកស៊ីអនឡាញនៅឯប្រទេសថៃ ហើយបច្ចុប្បន្នលោកកំពុងជោគជ័យខ្លាំងក្នុងការជាវព្រះអង្គ លូង ផ រួយ លើករាសីដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងស្រុក និងបងប្អូនខ្មែរកំពុងរស់នៅឯប្រទេសថៃ។
លោក ទទួលស្គាល់ថា មុខរបរអនឡាញនៅប្រទេសថៃ ពិតជាបានជួយឱ្យជីវភាពរបស់លោកប្រសើរឡើងច្រើនជាងមុនមែន។ តែទោះជាយ៉ាងនេះក្តី លោកនៅតែមានចិត្តនឹករលឹកការងារសិល្បៈ ហើយមិនដែលគិតបោះបង់វិស័យសិល្បៈខ្មែរម្តងណាឡើយ។ ប្រសិនបើមានផលិតករភាពយន្ត ឬអ្នកផលិតកម្មវិធីណា ចាប់អារម្មណ៍ចង់ហៅលោកធ្វើការសិល្បៈវិញ គឺលោកទទួលស្វាគមន៍ជានិច្ច ឱ្យតែត្រូវរ៉ូវពេលវេលាគ្នា។
ដោយចិត្តស្រលាញ់វិស័យសិល្បៈខ្លាំង ទោះកំពុងរស់នៅប្រទេសថៃក៏ពិតមែន ពិធីករ និងតារាសម្តែង រក្សា នៅតែឆ្លៀតពេលថតវីដេអូប្លែកៗបង្ហោះចែកជូនទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍ ហើយគ្រប់ពេលលោកធ្វើដំណើរមកប្រទេសខ្មែរ លោកតែងតែគៀងគរតារាប្រុសស្រីល្បីៗមកថតវីដេអូកំប្លែង និងរឿងអប់រំខ្លីៗ ដើម្បីជាប្រយោជន៍ដល់អ្នកទស្សនា។ ហើយបើមកលេងចំពេលមានកម្មវិធីសិល្បៈតូច-ធំ គឺលោកឆ្លៀតពេលចូលរួមមិនឱ្យខាននោះឡើយ។
តួយ៉ាង ប៉ុន្មានថ្ងៃមុន លោក រក្សា បានបង្ហាញវត្តមានក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Grand Cambodia 2023 ដើម្បីលើកទឹកចិត្តដល់បេក្ខភាពប្រកួត និងបានជួបជុំបងប្អូនសិល្បករ-សិល្បការនីចាស់ក្មេងជាច្រើនរូប ថតរូបលេងកម្សាន្តយ៉ាងសប្បាយរីករាយទុកជាអនុស្សាវរីយ៍ថែមទៀតផង។
ថ្វីបើពេលនេះ តារាសម្តែង រក្សា មិនសំបូរការងារសិល្បៈច្រើនដូចពីមុន ប៉ុន្តែលោកសប្បាយចិត្តណាស់ដែលឃើញវិស័យសិល្បៈខ្មែរមានភាពរីកចម្រើនទៅមុខ ហើយសិល្បករ-សិល្បការនីចេះស្រលាញ់ និងមានភាពសាមគ្គីគ្នាបែបនេះ។
សព្វថ្ងៃនេះ រក្សា ធ្វើដំណើរចុះឡើងប្រទេសថៃ-ខ្មែរ ញឹកញាប់ ព្រោះលោកការងារច្រើនរវាងប្រទេសទាំងពីរ។ ម៉្យាង ព្រះអង្គ លូង ផ រួយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុក និងរស់នៅប្រទេសថៃ ដោយសារពេលជាវព្រះអង្គទៅ គ្រប់គ្នាតែងតែទទួលបានជោគជយគ្រប់ភារកិច្ចការងារផ្សេងៗ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា និង ហ្វេសប៊ុក