ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់ និងការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាង ៤ ខែ ពេលនេះរកឃើញម្ចាស់មកុដ Miss Grand ឆ្នាំ២០២៣ ហើយ ដោយកញ្ញា ភឹម ស្រីណូ គឺជាម្ចាស់មកុដ Miss Grand នៅក្នុងឆ្នាំ ២០២៣ មកពីរាជធានីភ្នំពេញ។
កញ្ញានឹងតំណាងឱ្យ កម្ពុជា ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខ។ កញ្ញាគឺបេក្ខភាពដ៏សមក្តិសមបំផុតដែលគណៈកម្មការបានជ្រើសរើស ហើយកញ្ញា ពេជ្រ វត្តីសារ៉ាវឌី គឺជាអ្នកបំពាក់ មកុដ Miss Grand ឆ្នាំ ២០២៣ ដល់កញ្ញា ភឹម ស្រីណូ ផ្ទាល់តែម្តង ។
កម្មវិធីប្រកួត Miss Grand Cambodia 2023 បានបញ្ចប់ទៅយ៉ាងរលូនដោយកាលពីថ្ងៃទី ១៩ ខែ សីហា កន្លងមកនេះ ដោយទទួលបានការសរសើរយ៉ាងច្រើនពីមហាជន បើទោះបីជាមានមតិរិះគន់ខ្លះនៃការប្រកួតក្តី ។ លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាស្ថាប័ន Miss Grand Cambodia 2023 បានឱ្យដឹងថា Miss Grand ឆ្នាំនេះបានបញ្ចប់ ទៅយ៉ាងរលូន និងជោគជ័យ លោកស្រីពិតជារំភើបចិត្តខ្លាំងណាស់ក្នុងការរៀបចំកម្មវិធីជាលើកដំបូងនេះ ។
លោកស្រីមិនខឹង ឬ អន់ចិត្តនោះទេសម្រាប់ការខមមិននូវពាក្យពេចន៌មិនល្អមួយចំនួនទៅលើលោកស្រី ពីព្រោះកម្មវិធីត្រូវតែសុក្រឹត ខ្វះតែបន្តិចក៏មិនបានដែរ ឱកាសមានតែ ១ នាទីទេ ។ កម្មវិធីនេះលោកស្រីរៀបចំអស់ថវិការច្រើនណាស់ ដោយលោកស្រីយកបេះដូង និងក្តីស្រឡាញ់មកធ្វើជូនដល់ជាតិ ។ ទោះបីជាការជ្រើសរើសមួយនេះ មានបងប្អូនមួយចំនួនមិនពេញចិត្ត តែលោកស្រីគិតថាការជ្រើសរើសនេះគឺសក្ត័សមបំផុតក្នុងនាមជាអ្នកដឹកនាំនៃកម្មវិធី សូមលើកទឹកចិត្តដល់កញ្ញា ភឹម ស្រីណូ ដែលបវរកញ្ញាតំណាងប្រទេសកម្ពុជាឆ្នាំ 2023 ទាំងអស់គ្នា ។
កញ្ញា ភឹម ស្រីណូ ដែលជាម្ចាស់មកុដ Miss Grand ឆ្នាំ ២០២៣ បានស្រក់ទឹកភ្នែកនៅពេលដែលពិធីករបានប្រកាសថា នាងគឺជាម្ចាស់មកុដ Miss Grand Cambodia 2023 ពីព្រោះនាងរំភើបចិត្តខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានជាមួយ និងភាពជោគជ័យដ៏ធំធេងក្នុងមួយជីវិតនេះ ។ ដូចដឹងស្រាប់ហើយថា ទំរាំតែបានគ្រងមកុដនេះ គឺនាងធ្លាប់បានឆ្លងកាត់ការប្រកួតច្រើនលើកច្រើនសារមកហើយ ។
គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខភាព Miss Grand Cambodia 2023 ដែលបានចូលទៅដល់ Top 5 និងបានគ្រងមកុដ រួមមាន កញ្ញា ភឹម ស្រីណូ គឺជាម្ចាស់មកុដ Miss Grand 2023 តំណាងទីក្រុង ភ្នំពេញ , កញ្ញា គុយ អេណា ជាប់លំដាប់រងទី ១ តំណាងខេត្ត ក្រចេះ , កញ្ញា អ៊ិន លក្ខិណា ជាប់មឡដាប់រងទី ២ តំណាង ខេត្ត ប៉ៃលិន និងកញ្ញា ស៊ូ ស្រីនីត តំណាងខេត្ត កំពង់ធំ និងកញ្ញា នួង នីត តំណាងខេត្ត ព្រះសីហនុ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា