ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
នេះជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនៅពេលដែលប្រទេសចិនរៀបចំពិធីដើរម៉ូតដែលចូលរួមដោយមិនមែនក្រុមតារាវ័យក្មេងៗដូចកម្មវិធីដទៃទៀតទេ។ ប៉ុន្តែដោយក្រុមមនុស្សស្រីចាស់ៗ។ ពួកគាត់ស្លៀកពាក់ឈុតប្លែកៗដូចជាស្លាប, មួក, រោមភ្នែក និងពុកមាត់។ ពិធីប្រកួតនេះចែកចេញជា១២ក្រុមដើរម៉ូតដែលរៀបចំនៅទីក្រុងប៉េកាំងកាលពីចុងសប្ដាហ៍។
ពិធីដែលមានឈ្មោះថា «ការប្រកួតដើរម៉ូតមនុស្សវ័យកណ្ដាល និងមនុស្សវ័យចំណាស់» បានរៀបចំឈានចូលដល់លើកទី៣៦ឆ្នាំហើយគិតទាំងឆ្នាំនេះទៀត។ នៅក្នុងចំណោមអ្នកចូលរួមពិធីប្រកួតប្រជែងនេះ អ្នកខ្លះចូលរួមពុំដែលខកខានម្ដងណាឡើយ។ ដូចជាអ្នកស្រីអ៊ូឌី (Wu Di) ដែលជាប្រធានក្រុមដើរម៉ូតឈ្មោះ ម៉ូដឺន.សាន់សឹត.ម៉ូដល(Modern Sunset Model)។
អ្នកស្រីប្រាប់ថាការដើរម៉ូតសម្រាប់មនុស្សចាស់ទស្សនាពិតជាមានសារៈសំខាន់សម្រាប់ពួកគាត់។ ធ្វើបែបនេះដើម្បីជួយទ្រទ្រង់ម៉ូតសំលៀកបំពាក់ ឬឈុតតុបតែងខ្លួនឲ្យមានជីវិតរស់រវើកជានិច្ច។ ម៉្យាងទៀត, វាជួយឲ្យពួកគាត់ដើរទាន់សម័យកាលវិវត្តនៃសង្គម ក៏ដូចជាយល់ពីនិន្នាការរបស់មនុស្ស។
អ្នកប្រកួតប្រជែងដើរម៉ូតនេះសុទ្ធសឹងជាតារាដែលមានវ័យរាងជ្រេបន្តិចទៅហើយ។ ពួកគាត់មានអាយុចាប់ពី៥៥ឆ្នាំឡើងទៅ។ អ្នកខ្លះចាស់ដល់អាយុ៨០ឆ្នាំក៏មាន។ ពួកគាត់ពេញចិត្តនឹងកម្មវិធីនេះ។
ក្រុមអ្នករៀបចំពិធីដើរម៉ូតប្រាប់ថាបេក្ខនារីមានជាង២ពាន់នាក់ ចែកចេញជា៦២ក្រុម។ វិញ្ញាសាសំខាន់ៗមានចំនួន២។ ទី១- ការឲ្យពិន្ទុទៅលើការដើរត្រូវទៅតាមចង្វាក់ភ្លេង និងទី២- ការឲ្យពិន្ទុទៅលើការកែច្នៃម៉ូតសំលៀកបំពាក់ និងការតុបតែងខ្លួនសមនឹងរូបរាង និងទម្រង់មុខរបស់សាមីខ្លួនម្នាក់ៗ។
បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះជុំទី១នៅសល់៣០ក្រុមដែលអាចមានសិទ្ធិឆ្លងទៅចូលរួមប្រកួតប្រជែងនៅវគ្គបន្ត។ បន្ទាប់ពីឆ្លងកាត់ការហាត់សមដែលចាប់ផ្ដើមតាំងពីដើមខែកក្កដា, ក្រុមទាំងនេះត្រូវបានជម្រុះនៅសល់១២ក្រុមសម្រាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ទី២០ ខែកក្កដា។
ពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះត្រូវគេប្រសិទ្ធនាមថា «ពិធីអបអរសាទរសន្ធិប្រកាសដោយសេចក្ដីសោមនស្សរីករាយនៅក្នុងយុគសម័យថ្មី»៕
ប្រែសម្រួល៖ លោក អន សំអាង