ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ភ្ជាប់ពាក្យ និងទទួលបានចំណងដៃកូនស្រីវ័យមួយឆ្នាំទើបតារាសក់សំពោង វី ជីវ័ន្ត សម្រេចចិត្តរៀបចំមង្គលការ

២៩ ឧសភា ២០២៣ | កម្សាន្ដ

 

តារាសម្តែងសក់ សំពោង វី ជីវ័ន្ត ទើបតែសម្រេចបំណងប្រាថ្នាធំរបស់ខ្លួនដោយបានដឹកដៃភរិយាចូលរោងការទៅតាមប្រពៃណី ក្រោយពីទទួលបានចំណងដៃកូនស្រីម្នាក់មានវ័យ ១ ឆ្នាំ ។

 

 

មង្គលការរបស់តារាសម្តែង វី ជីវ័ន្ត បានប្រព្រិត្តិទៅយ៉ាងរលូនកាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងមកនេះនៅព្រែកអញ្ចាញ ខេត្តកណ្តាល និងបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណ ១០០ តុ ប៉ុន្តែបែរជាមិនសូវមានវត្តមានសិល្បករទៅវិញ ។

 

 

តារាសម្តែងសក់សំពោងរូបនេះ បានភ្ជាប់ពាក្យកាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ ក្នុងអំឡុងកូវីដ ១៩ កំពុងផ្ទុះខ្លាំង នាអំឡុងពេលនោះលោកមានបំណងចង់រៀបការដែលមានលក្ខណៈធំដុំដែរ តែដោយសារមានការហាមឃាត់ក្នុងការជួបជុំ លោកក៏សម្រេចចិត្តរៀបចំត្រឹមតែពិធីភ្ជាប់ពាក្យ និងរួមរស់ជាមួយភរិយារបស់ខ្លួនតែម្តង រហូតលោកទទួលបានចំណងដៃកូនស្រីជាទីស្រឡាញ់ដែលមានវ័យ មួយឆ្នាំ ។

 

 

ដើម្បីបំពេញបំណងភរិយា និងបំពេញមុខមាត់គ្រួសារ តារាសម្តែងសក់សំពោង វី ជីវ័ន្ត បានសម្រេចចិត្តរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងធំដុំកាលពីថ្ងៃទី ២០​ខែ ឧសភា ឆ្នាំ ២០២៣ នេះដោយបានអញ្ជើញភ្ញៀវកិត្តិយសយ៉ាងច្រើនចូលរួមអបអរសាទរ ប៉ុន្តែពុំសូវមានវត្តមានអ្នកសិល្បៈចូលរួមច្រើន នោះទេ ។ 

 

 

លោកបានប្រាប់បន្ទាប់ពីរៀបចំពិធីមង្គលការខ្លួនរួចថា លោកក៏ចង់អញ្ជើញមិត្តសិល្បករចូលរួមថ្ងៃមង្គលការលោកច្រើនដែរ តែដោយសារលោករៀបចំពិធីនៅស្រុកកំណើត ណាមួយគិតថាឆ្ងាយផង មិនហ៊ានរំខានពួកគាត់ ម្យ៉ាងវិញទៀតលោកអញ្ជើញតែមិត្តស្និទ្ធស្នាល និងអ្នកធ្វើការនៅក្រសួងជាមួយគ្នាតែប៉ុណ្ណោះ ។

 


បន្ទាប់ពីរៀបការរួចតារាសម្តែងល្បីឈ្មេាះខាងលើនៅតែប្រលូកក្នុងវិស័យសិល្បៈដូចមុនដដែល ប្រសិនបើមានគេហៅថតរឿង លោកនៅតែទទួលថតដូចដើម តែជាញឹកញាប់លោកមមាញឹកនៅក្នុងការងារចម្រៀងច្រើនជាង ដោយសារលោកបានបើកក្រុមតន្រ្តីសម័យមួយយូឆ្នាំមកហើយ  ។

 

លោក វី ជីវ័ន្ត បានបន្ថែមទៀតថា ពេលនេះលោកមិនត្រឹមតែមានភរិយាប៉ុណ្ណោះទេថែមទាំងមានកូនស្រីម្នាក់អាយុមួយឆ្នាំ បន្ទុកក្នុងគ្រួសារក៏ធំជាងមុនដែរ ដូច្នេះហើយទើបលោកខំប្រឹងធ្វើការរកលុយដើម្បីចិញ្ចឹមគ្រួសារមិនឱ្យលំបាក មិនថាការងារជិត ឬ ឆ្ងាយលោកទទួលធ្វើទាំងអស់ ៕ ​

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ រូបផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024