ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ស៊ីន យូប៊ីន តួឯកស្រីក្នុងរឿង"លួចស្នេហ៍គូដណ្ដឹង" របស់ ភីអិនអិន ដែលជាតារាខ្មែរដំបូងត្រូវបានអញ្ជើញឱ្យចូលរួមដើរលើកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2023 ទីក្រុងកាន។ សម្រស់ ភាពចែងចាំងរបស់តារាស្រីកម្ពុជារូបនេះបានទាក់ទាញចិត្តសារព័ត៌មានបរទេសឱ្យចុះផ្សាយពីនាងព្រោងព្រាត។
ពិតជាកិត្តិយសខ្លាំងណាស់ដែលតួឯកស្រីរឿង «លួចស្នេហ៍គូដណ្តឹង» របស់ភីអិនអិន គឺ កញ្ញា ស៊ីន យូប៊ីន ត្រូវបានអញ្ញើញឱ្យចូលរួមដើរលើកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2023 លើកទី៧៦ នៅទីក្រុងកាន ប្រទេសបារាំង ដែលមហោស្រពនេះមានការចូលរួមពីផលិតករ និងតារាភាពយន្តល្បីៗលំដាប់ពិភពលោក។
តាមដែលបានដឹងមក យូប៊ីន ជាតារាស្រីភីអិនអិនតែម្នាក់គត់ដែលបានចូលរួមដើរកម្រាលព្រំក្រហម Cannes Film Festival 2023 ឆ្នាំនេះ។
គេប្រទះឃើញ យូប៊ីន ប្រើប្រាស់ឈើច្រត់ និងមានក្រុមការងារមហោស្រពចាំជួយជ្រោមជ្រែងការដើរលើកម្រាលព្រំក្រហម ដោយសារតែនាងមានបញ្ហាជើងបន្តិចបន្តួច ប៉ុន្តែ នេះមិនមែនជាឧបសគ្គសម្រាប់តារាស្រីកម្ពុជារូបនេះឡើយ ដោយ យូប៊ីន នៅតែជះពន្លឺភ្លឺចែងចាំងលើកម្រាលព្រំក្រហម Cannes Film Festival 2023 ធ្វើឱ្យសារព័ត៌មានបរទេសជាច្រើនចាប់អារម្មណ៍មកលើរូបនាង និងបានចុះផ្សាយពីការចូលរួមរបស់ ស៊ីន យូប៊ីន ក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ 2023 ព្រោងព្រាតថែមទៀតផង។
តួយ៉ាង គេហទំព័រ jezebel.com បានធ្វើការចុះផ្សាយពីវត្តមានរបស់កញ្ញា ស៊ីន យូប៊ីន ក្នុងកម្មវិធី Cannes Film Festival 2023 ដោយគេហទំព័រនេះបានលើកសរសើរដល់តារាស្រីកម្ពុជារូបនេះថា «ខ្ញុំមិនដឹងថាហេតុអ្វី យូប៊ីន ត្រូវការប្រើឈើច្រត់ទេ តែព្រះអើយ! ខ្ញុំស្រលាញ់ការតាំងចិត្តនាងចំពោះរ៉ូបនេះខ្លាំងណាស់ ដែលវាមើលទៅពិតជាពិបាកបំលាស់ទីសម្រាប់អ្នកធម្មតា និងអ្នកដែលគ្មានរបួស»។ ក្រៅពីការចុះផ្សាយខាងលើ នៅមានសារព័ត៌មានបរទេសជាច្រើនទៀតទាំងភាសាអង់គ្លេស និងភាសាបារាំង ដែលបានចុះផ្សាយពី ស៊ីន យូប៊ីន។
រូបភាព កញ្ញា ស៊ីន យូប៊ីន គ្រងរ៉ូបដ៏ធំពណ៌ទឹកសណ្តែកលាយឡំគ្រឿងអលង្ការដ៏ស្រស់ស្អាត មានទាំងរូបថតកាន់ឈើច្រត់ និងមិនកាន់ឈើច្រត់ ត្រូវបានសារព័ត៌មានបរទេសបង្ហោះចែកចាយព្រោងព្រាតតែម្តង បង្ហាញពីភាពចែងចាំងរបស់តារាស្រីកម្ពុជារូបនេះ។សូមជម្រាបថា កញ្ញា ស៊ីន យូប៊ីន នឹងនៅបន្តចូលរួមកម្មវិធី Cannes Film Festival 2023 រយៈពេល៣ថ្ងៃទៀត គឺថ្ងៃទី១៩-២១ និង២២ ដូច្នេះកុំភ្លេចរង់ចាំតាមដានសកម្មភាពរបស់ តារាស្រីភីអិនអិនរូបនេះទាំងអស់គ្នា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ