ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

ជោគជ័យលើជំនួញ ស្រីអូន បោះទុន ៥០ ម៉ឺនដុល្លារផលិតរឿង ផ្ទាល់ខ្លួន! 

០៨ កក្កដា ២០២០ | កម្សាន្ដ

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជននៅពេលឃើញអ្នកជំនួញជោគជ័យវ័យក្មេង ដែលឧស្សាហ៍លេចមុខក្នុងកម្មវិធីសប្បុរសធម៌នានា បានបោះទុនទឹកប្រាក់ជាង ៥០ ម៉ឺនដុល្លារ ដើម្បីផលិតភាពយន្តខ្នាតធំមួយដែលមានចំណងជើងថា « កម្ម » ក្នុងរដូវជំងឺ កូវីដ ១៩ ។ 

 


ស្របពេលជំងឺកូវីដ ១៩ មានការធូរស្រាលបន្តិច បណ្ដាផលិតកម្មជាច្រើនបានចាប់ផ្តើមការថតភាពយន្ត របស់ខ្លួនឡើងវិញ ក្រោយពីអាក់ខានមួយរយៈ ។ ក្នុងនោះផលិតកម្ម « រាម » ក៏បានក្រុងពាលីថតរឿងថ្មី នៅលើទឹកដីខេត្ត បាត់ដំបង កាលពីថ្ងៃទី ០៣ ខែ កក្កដា កន្លងមកនេះ ដែលមានចំណងជើងថា « កម្ម » ប្រជុំទៅដោយសិល្បករសិល្បការីថ្មីចាស់ជាច្រើនរូប ។ 


ក្នុងនេះដែរអ្នកស្រី នួន ស៊ុន្ទរី ហៅ «ស្រីអូន» ដែលជាថៅកែ ផលិតផលថែរក្សាសម្ផស្ស «សម្រស់ធម្មជាតិ» បានសម្រេចចិត្ត ប្រឡូកចូលក្នុងវិស័យភាពយន្ត ក្នុងនាមជាចាងហ្វាងផលិតកម្មផង និងជាតួសម្តែងផង។ រឿង « កម្ម » ជាប្រភេទរឿង រន្ធត់ខ្នាតធំ ប្រមូលផ្តុំដោយតារាសម្តែងអាជីពថ្មីចាស់ និងមានទេពកោសល្យ ព្រមទាំងមានឧបករណ៍ថតទំនើប មិនចាញ់ផលិតកម្មក្រៅស្រុក។ 


ក្នុងពិធីក្រុងពាលីនោះផងដែរអ្នកនាង ស្រីអូន ចាងហ្វាងផលិតកម្ម « រាម » បានលើកឡើងថា «ផលិតកម្ម រាម» លេចរូបរាងឡើងដោយសារតែចិត្ត ស្រលាញ់លើផ្នែកវិស័យសិល្ប: ដើម្បីចង់រួមចំណែក អភិវឌ្ឃឧស្សាហ៍កម្មភាពយន្តកម្ពុជា ដោយក្រុមហ៊ុនបានកំណត់ទស្សន:វិស័យយ៉ាងច្បាស់លាស់ថា «នាំភាពយន្តខ្មែរ ទៅកាន់ពិភពលោក»។ ហេតុដូចនេះហើយបានជាយើងសម្រេចវិនិយោគ ៥០ម៉ឺនដុល្លារ ជាការដាក់ទុនដំបូង ដោយ ចំណាយ៣០ម៉ឺនដុល្លារ លើកាមេរ៉ាថតលំដាប់ហូលីវូឌម៉ាក ARRI កុំព្យូទ័រកាត់តរូបភាព ឧបករណ៍ច្នៃសម្លេង និងសម្ភារៈ ទំនើបផ្សេងៗទៀត និងចំណាយ២០ម៉ឺនដុល្លារ លើការផលិតរឿងទី១ឡើងដែលមានចំណងជើងថា «កម្ម» រឺហៅជា ភាសាអង់គ្លេសថា «Karma»។

 

 

ដោយឡែកតារាសម្តែងរូបសង្ហារលោក ឃឹម ហ្សានីត ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួឯកប្រុសនៅក្នុងរឿង « កម្ម » ផងដែរ ។ លោកបានឱ្យដឹងថា ជាលើកដំបូងហើយដែលលោកបានចូលខ្លួនសម្តែងនៅក្នុងភាពយន្តខ្នាតធំបែបនេះ លោកពិតជាពេញចិត្តតួអង្គនោះខ្លាំងណាស់ លោកសង្ឃឹមថា ស្នាដៃថ្មីរបស់ខ្លួននឹងធ្វើឱ្យមានការចាប់អារម្មណ៍និងផ្ទុះខ្លាំងនៅពេលដាក់បញ្ចាំង ។

 

លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿងវិញបានរៀបរាប់ប្រាប់ថា រឿង « កម្ម » ផលិតឡើងយ៉ាងសម្រិតសម្រាំងពិសេសការតុបតែងឆាក ការរចនាសម្លៀកបំពាក់ ការផាត់មុខ បច្ចេកទេសថត និង រចនាសម្លេង បច្ចេកទេសរចនា Visual Effects និងបច្ចេកទេសថតបូកផ្សំជាមួយបច្ចេកទេសពន្លឺ។ ជាពិសេសយើង ប្រើកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI ចុងក្រោយគេ ដែលជួយលើកគុណភាព រូបភាពបានកម្រិតខ្ពស់ ដែលធ្វើឱ្យយើងមានភាពងាយស្រួលកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ នៅកំឡុងពេលប្រើប្រាស់បច្ចេកទេសកាត់ត ដែលក្រុមបច្ចេកទេសរចនារូបភាពយើងចង់បាន ក្នុងការធ្វើឱ្យគុណភាពរូបភាព និង សម្លេងរបស់រឿងនេះកាន់តែប្រណីត។

 

ប្រសិនបើមិនមានអ្វីប្រែប្រួលទេភាពយន្តខ្នាតធំ រន្ធត់ ព្រឺព្រួចនេះនឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅដើមឆ្នាំ ២០២១ ខាងមុខនេះ ៕

 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025