ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មបន្ថែមពីកម្ពុជា

២៤ មីនា ២០២៣ | សេដ្ឋកិច្ច

 

កម្ពុជា ជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពល កំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

 


ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏។

 


ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀតថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

 


ឯកឧត្តម Enggartiasto Lukita បានកត់សម្គាល់ផងដែរថា កម្ពជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននិងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគ។

 


គួរបញ្ជាក់ថា តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៣នេះ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ឥណ្ឌូនេស៊ី មានជិត៩ម៉ឺនលានដុល្លារ កើន ៩៥,៩ ភាគរយ បើធៀបខែមករា ឆ្នាំ ២០២២។ ក្នុងនោះទំនិញនាំចូលពីឥណ្ឌូនេស៊ី មានចំនួន ៨៣,៨១៦ លានដុល្លារ កើន ១០០ ភាគរយ និងទំនិញកម្ពុជានាំទៅឥណ្ឌូនេស៊ី មានទឹកប្រាក់ ២ពាន់លានដុល្លារ កើនឡើង ៦ភាគរយ៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024