ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្រាលកូនទើបបានជាងមួយខែ ទេព បូព្រឹក្ស ប្រញាប់ចេញកើបលុយស្រង់ដើមវិញ !

២៣ មីនា ២០២៣ | កម្សាន្ដ

 

ក្នុងចន្លោះពេលពរពោះតារាចម្រៀង ទេព បូព្រឹក្ស បានបាត់បង់ប្រាក់ចំណូលទាំងស្រុងពីវិស័យចម្រៀង ប៉ុន្តែពេលនេះនាងសម្រាលកូនបានជាងមួយខែហើយ ហើយក៏ដល់ពេលដែលចេញកើបលុយស្រង់ដើមវិញដែរ ។ទើបតែសម្រាលកូនបានជាងមួយខែ ស្រាប់តែតារាចម្រៀង ទេព បូព្រឹក្ស ក្លាហានចេញច្រៀងដូចធម្មតា ដោយមិនខ្លាចប៉ះពាល់សុខភាពឡើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះនាងបានលេចមុខជាមួយស្វាមីនៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំមួយ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយថែមទាំងបានឡើងឆាកសម្តែងដើម្បីស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់ឆាតតន្រ្តីវិញ ។

 


នេះជាលើកដំបូងហើយដែលតារាចម្រៀងល្បីឈ្មោះរូបនេះ បានលេចមុខក្នុងឆាកតន្រ្តី បន្ទាប់ពីសម្រាលកូនបានជាងមួយខែ ។ ជួបជាមួយនាងផ្ទាល់នាពេលនោះ នាងបានប្រាប់ថា ពេលនេះសុខភាពនាងបានល្អប្រសើរឡើងវិញហើយ ហើយក៏អាចទទួលការងារសិល្បៈបានដូចដើមដែរ ។ បើទោះបីជា ទេព បូព្រឹក្ស ទទួលការងារចម្រៀងឡើងវិញក្តី ប៉ុន្តែលោក ជី ដេវីត ដែលជាស្វាមី មិនចង់ឱ្យនាងទទួលការងារច្រើននោះទេ ដោយសារខ្លាចប៉ះពាល់ដល់សុខភាពភរិយាជាទីស្រឡាញ់របស់ខ្លួន ។ 

 


ទេព បូព្រឹក្ស ក៏បានបង្ហើបប្រាប់ពីអារម្មណ៍ពិតបន្ទាប់ពីក្លាយទៅជាម្តាយគេជាលើកដំបូងថា ៖ នាងពិតជារំភើបចិត្តខ្លាំងណាស់នៅពេលលឺសម្លេងកូនប្រុសរបស់ខ្លូន ពេលនេះនាងកាន់តែយល់ច្បាស់ពីអារម្មណ៍ជាម្តាយគេ បើទោះបីជាមានការនឿយហត់បន្តិច ប៉ុន្តែជីវិតពោរពេញដោយសុភមង្គល ។ ជាមួយនិងការប្រកាសវិលត្រឡប់មកកើបលុយក្នុងវិស័យចម្រៀងឡើងវិញ ទេព បូព្រឹក្ស ក៏បានត្រៀមចេញនូវបទចម្រៀងថ្មីៗជាច្រើនទុកស្វាគមន៍ក្នុងការវិលត្រឡប់មកវិស័យនេះជាថ្មីម្តងទៀត និងដើម្បីតម្រូវចិត្តអ្នកគាំទ្រ  ដូចដឹងស្រាប់ហើយថា ក្នុងចន្លោះពេលដែល ទេព បូព្រឹក្ស ពរពោះកូនក្នុងផ្ទៃ នាងបានស្ងាត់ឈឹងពីឆាកតន្រ្តី ។

 


 មិនតែប៉ុណ្ណោះអ្នកនាងក៏បានបាត់បង់ប្រាក់ចំណូលរាប់សែនដុល្លារពីការងារចម្រៀងផងដែរ ដូច្នេះហើយពេលនេះនាងសុំស្រង់ដើមឡើងវិញ មិនថាការងារតូចធំគឺនាងទទួលធ្វើទាំងអស់ ជាពិសេសនាងត្រៀមនខ្លួននឹងធ្វើជា BA ឱ្យក្រុមហ៊ុនធំៗជាច្រើនជាបន្តបន្ទាប់ ។ ស្របពេលដែលទទួលការងារឡើងវិញ ទេព បូព្រឹក្ស ក៏កំពុងខំប្រឹងប្រែងសម្រកគីឡូឱ្យមកនៅដូចដើមវិញ ពីព្រោះរូបរាងរបស់នាងពេលនេះ នៅធាត់នៅឡើយ ។  ទេព បូព្រឹក្ស បាននិយាទាំងភាពជឿជាក់ថា មិនយូរទេ គីឡូ និងរូបរាងរបស់នាង នឹងវិលត្រឡប់មកដូចដើមវិញ ព្រោះនាងមិនអាចបណ្តោយខ្លួនឱ្យធាត់ទ្រលុកទ្រលន់បែបនេះបានទេ  ៕ 


 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024