ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដោយថ្មីៗក្តៅៗនេះ តារាស្រីជួរមុខលំដាប់ប្រទេស ស៊ីន យូប៊ីន បានក្លាយជាតារាស្រីខ្មែរឈរលើគម្របទស្សនាវដ្តី Harper's BAZAAR Vietnam ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣។ ជាដំណឹងដ៏ភ្ញាក់ផ្អើល និងជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដោយថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន បានក្លាយជាតារាស្រីខ្មែរឈរលើគម្របទស្សនាវដ្តី Harper's BAZAAR Vietnam ប្រចាំខែមីនា ឆ្នាំ២០២៣ ជាទស្សនាវដ្តីដ៏លំដាប់ពិភពលោក។
តារាសម្តែងជួរមុខរបស់ កម្ពុជារូបនេះ បានបង្ហាញមោទកភាពដែលបាននាំយកនាំសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់នាង និងបានប្រកាសដោយមោទកភាពទៅកាន់ប្រជាជនកម្ពុជា និងហ្វេនៗរបស់ខ្លួនថា នាងបានបំពេញសន្យាដែលធ្លាប់សន្យាជាមួយហ្វេនហើយ គឺនាងបានកំពុងនាំយកសិល្បៈវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់ខ្មែរទៅឆាកអន្តរជាតិតាមគ្រប់វិធីដែលនាងអាចធ្វើបាន។
ជាក់ស្តែង ថ្មីៗនេះ យូប៊ីន ទើបទទួលកិត្តយសបង្ហាញខ្លួនព្រមជាមួយវប្បធម៌ដ៏ផូរផង់របស់កម្ពុជានៅលើគម្រប់ទស្សនាវដ្តី HARPER’SBAZAAR 3-2023 ដោយបានបង្ហាញទៅកាន់ពិភពលោក ក្រោមចំណងជើងថា «ចំណង់ចំនូលចិត្ត ស៊ីន យូប៊ីន ក្នុងការបង្ហាញវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ»។ក្នុងនោះ តួឯកស្រីរឿង «លួចស្នេហ៍គូដណ្តឹង» បានផ្តល់កិច្ចសម្ភាសន៍យ៉ាងលម្អិតពីជីវប្រវត្តិ ការតស៊ូ និងការខិតខំប្រឹងប្រែងរបស់នាងលើវិថីសិល្បៈតាំងពីឆ្នាំ២០១៤ រហូតសាងភាពល្បីល្បាញដូចសព្វថ្ងៃនេះ។
មិនតែប៉ុណ្ណោះ យូប៊ីន ក៏បានចែករំលែកពីសមិទ្ធផលស្នាដៃការងារសិល្បៈផ្សេងៗ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បុគ្គលជានិមិត្តរូបរបស់នាង និងលើកឡើងពីផ្កាតំណាងឱ្យខ្លួនឯង ក៏ដូចជាគម្រោងការទៅអនាគត និងបានបកស្រាយសំណួរថា តើធ្វើដូចម្តេចដើម្បីក្លាយជាតារាសម្តែងល្អមួយរូប?ស៊ីន យូប៊ីន បានបង្ហាញឱ្យពិភពលោកឃើញពីភាពចែងចាំង និងភាពថ្លៃថ្នូររបស់សិល្បករខ្មែរ ព្រមជាមួយស្នាមញញឹម ទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង ពិសេសគឺ សមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងការបង្ហាញស្ទីល៍ថតរូបដ៏ទាក់ទាញ។
ជាងនេះទៅទៀត នាងបាននាំយកមកុដបុរាណរំលេចដោយក្បាច់ចម្លាក់ដ៏ប្រណិត ធ្វើឱ្យជាតិសាសន៍ដ៏ទៃស្រែកថា Wow ហើយព្រឺសម្បុរពេញស្ទូឌីយូពេលនាងលើកមកុដនោះចេញមកថត។នេះចាត់ទុកជាការឈានមួយជំហានទៀតរបស់ ស៊ីន យូប៊ីន ក្នុងការនាំយកសិល្បៈវប្បធម៌ដ៏ស្រស់ផូផង់របស់កម្ពុជាទៅកាន់ពិភពលោក។ តាមការបង្ហើបរបស់តារាសម្តែងជួរមុខរូបនេះ នាងនឹងមានរឿង Surprise ហ្វេនៗជាច្រើនទៀត ដូច្នេះហ្វេនកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN