ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ឆ្នាំថ្មីនេះតារាសម្តែងរូបសង្ហាលោក ជា លាងឈែ មានយីអ៊ុនខ្ពស់ត្រដែតពីព្រោះត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនពេញចិត្តនិងហៅធ្វើការងារជាបន្តបន្ទាប់ ទាំងការងារសម្តែង និង ការងារថតស្ពតជាដើម ធ្វើឱ្យប្រាក់ចំណូលលោកចាប់ផ្តើមកើនឡើងជាលំដាប់ តែអ្វីដែលជាចម្ង់នោះគឺតារាសម្តែងរូបនេះនៅពុំទាន់ដឹកដៃគូស្នេហ៍ចូលរោងការទៅតាមប្រពៃណី ។
កន្លងមកតារាសម្តែងកំពុងលេចធ្លោរូបនេះ ធ្លាប់បាននិយាយថា ខ្លួននឹងដឹកដៃគូស្នេហ៍ចូលរោងការបន្ទាប់ពីការងារជោគជ័យ តែពេលនេះការងាររបស់លោកជោគជ័យតាមបំណងប្រាថ្នាហើយ តែលោកនៅពុំទាន់ដឹកដៃគូស្នេហ៍ចូលរោងការទៅតាមប្រពៃណីទៀត សូម្បីតែពេលជួបជាមួយមិត្តសិល្បៈ ម្នាក់ៗបានសួរនាំលោកពីរឿងនេះគ្រប់ៗគ្នា ។
លោក ជា លាងឈែ មិនត្រឹមតែបណ្តើរគ្នាជាមួយតារាស្រី នួន ណត្តិយា ទៅចូលរួមកម្មវិធីជួបជុំមិត្តភក្តិប៉ុណ្ណោះ សូម្បីតែពេលទៅដើរកម្សាន្តតាមបណ្តាលខេត្តនានា អ្នកទាំងពីរតែងតែទៅជាមួយគ្នាផងដែរ មើលទៅទំនាក់ទំនងអ្នកទាំងពីរកាន់តែស្អិតរមួតឡើង ។
លោក នៅតែអះអាងថា ខ្លួននៅពុំទាន់ដឹកដៃគូស្នេហ៍ខ្លួនចូលរោងការនៅឡើយទេ ដោយសារតែលោកនៅពុំទាន់សម្រេចបំណងប្រាថ្នាធំរបស់ខ្លួន ពេលណាបំណងប្រាថ្នានោះក្លាយជាការពិតហើយ លោកនឹងរៀបចំពិធីមង្គលការភ្លាម ។បំណងប្រាថ្នាធំរបស់តារាសម្តែងខាងលើនោះ គឺលោកចង់ពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា និងជោគជ័យជាមុនសិន ទើបលោកមានលទ្ធភាពដណ្តឹងប្រពន្ធ និងរៀបចំជីវិតគូ ។
គួររំលឹកផងដែរថា លោក ជា លាងឈែ ជាតារាសម្តែងរូបសង្ហារដ៏លេចធ្លោមួយរូប ប៉ុន្តែមុននឹងឈានមកដល់ចំណុចនេះ លោកធ្លាប់បានឆ្លងកាត់នូវការលំបាកជាច្រើន ដូច្នេះហើយទើបលោកផ្តាំផ្ញើរទៅកាន់ប្អូនៗជំនាន់ក្រោយដែលមានបំណងចង់ប្រលូកក្នុងវិស័យសម្តែង ត្រូវតែប្រឹងប្រែងតស៊ូ និង អត់ធ្មត់ មិនថា ការសម្តែងនោះលំបាកយ៉ាងណាត្រូវប្រឹងអស់ពីសមត្ថភាព ។
ឆាប់ៗខាងមុខលោក ជា លាងឈែ ត្រៀមនឹងលេចមុខក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ផងដែរ មិនតែប៉ុណ្ណោះ លោកក៏ត្រៀមនឹងលេចមុខក្នុងរឿងដុំថ្មីមួយដែលមានរសជាតិប្លែក និងធ្វើឱ្យទស្សនិកជនភ្ញាក់ជាច្រើនមានការផ្អើល ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN