ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

អតីតតារាសម្ដែង អុឹម សុគន្ធា ក្លាយជាអ្នកគ្រប់គ្រងថ្មី Miss Grand Cambodia 2023 ផ្លូវការហើយ !

០១ កុម្ភៈ ២០២៣ | កម្សាន្ដ

 

កាលពីព្រឹកមិញនេះលោកស្រី អ៊ឹម សុគន្ធា ដែលជាអតីតតារាសម្ដែងល្បីឈ្មោះ និងបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន HK7 បានចុះហត្ថលេខាធ្វើជាអ្នកគ្រប់គ្រងថ្មីក្នុងកម្មវិធី Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣នេះតទៅ ។

 

ទីបំផុតក្តីស្រមៃចង់ក្លាយទៅជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញា របស់អតីតតារាសម្តែងលោកស្រី អ៊ឹម សុគន្ធា បានក្លាយជាការពិតហើយ បន្ទាប់ពីលោក ណាវ៉ាត់ ដែលជាអ្នកគ្រប់គ្រង Miss Grand International ប្រចាំប្រទេស ថៃ បានចុះមកប្រទេស កម្ពុជា និងបានចុះហត្ថលេខាដើម្បីផ្ទេរសិទ្ធឱ្យលោកស្រី  ក្លាយទៅជាអ្នកគ្រប់គ្រងថ្មីរបស់ Miss Grand Cambodia 2023 ចាប់ពីពេលនេះតទៅ ។ 

 

 

នៅក្នុងពិធីចុះហត្ថលេខារវាងលោក ណាវ៉ាត់ និងអតីតតារាសម្ដែងខាងលើ ដែលជាអ្នកគ្របគ្រងថ្មីក្នុងកម្មវិធី Miss Grand Cambodia 2023 បានបញ្ជាក់ប្រាប់ថា លោកស្រីពិតជាសប្បាយចិត្តណាស់ដែលអាចកាន់តំណែងជានាយកគ្រប់គ្រងកម្មវិធីបវរកញ្ញាដ៏ធំនេះ ។ 

 

 

ចំណែកលោក ណាវ៉ាត់ ដែលជាអ្នកគ្រប់គ្រងធំក្នុងកម្មវិធីលំដាប់ពិភពលោក Miss Grand ក៏បានសម្តែងនូវការត្រេអរផងដែរ ចំពោះលោកស្រី អ៊ឹម សុគន្ធា ដែលបានក្លាយជាអ្នកគ្រប់គ្រងថ្មីក្នុងកម្មវិធី Miss Grand Cambodia 2023 លោកសង្ឃឹមថា កម្ពុជា នឹងកាន់តែលេចធ្លោខ្លាំងក្នុងវិស័យបវរកញ្ញា ។

 

 

បើទោះបីជាលោកស្រី អ៊ឹម សុគន្ធា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ណាវ៉ាត់ ក្នុងការធ្វើជាអ្នកគ្រប់គ្រងថ្មីសម្រាប់កម្មវិធី Miss Grand Cambodia 2023 តែលោកស្រី អ៊ឹម សុគន្ធា បានចុះកុងត្រាធ្វើការងារនេះត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ។ កម្មវិធីប្រកួត Miss Grand Cambodia 2023 នឹងចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតចាប់ពីខែ មីនា ឆ្នាំ ២០២៣ខាងមុខនេះតទៅ ។ 

 

 

លោកស្រី អ៊ឹម សុគន្ធា បានបន្ថែមទៀតថា មិនថាបេក្ខនារីដែលធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗគឺអាចដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះបានទាំងអស់គ្នា ។ក្រៅពីកម្មវិធីចុះហត្ថលេខាបង្ហាញមុខអ្នកគ្រប់គ្រងថ្មីក្នុងកម្មវិធី Miss Grand Cambodia 2023 ក្រុមហ៊ុន HK 7 ក៏បានរៀបចំកម្មវិធីជួបជុំជាមួយ Miss Grand Cambodia ជាច្រើនជំនាន់ផងដែរនៅផ្សារទំនើប AEON 3 នៅល្ងាចថ្ងៃទី ០១ ខែ  កុម្ភះ នេះផងដែរ ៕ 

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024