ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តារាសម្តែង ធីប រំពឹងខ្ពស់ចំពោះរឿងភាគខ្នាតធំ «លួចស្នេហ៍គូដណ្តឹង»

២៥ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

កំលោះសង្ហា ធីប រំពឹងប្រជាប្រិយភាពកើនឡើងខ្ពស់ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគខ្នាតធំ «លួចស្នេហ៍គូដណ្តឹង» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN។តារាសម្តែងរាងខ្ពស់ស្រឡះ ធីប កំពុងលេចមុខក្នុងភាពយន្តភាគខ្នាតធំ PNN ចំណងជើង «លួចស្នេហ៍គូដណ្តឹង» ដោយបច្ចុប្បន្នរឿងនេះកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 

 

ធីប ឱ្យដឹងថា នេះជាលើកទី១របស់លោកដែលបានរួមការងារជាមួយ PNN ហើយជារឿងភាគខ្នាតធំថែមទៀត ដូច្នេះហើយលោករំភើបដែលមានឱកាសបានរួមសម្តែងជាមួយសិល្បករ-សិល្បការនីចាស់ក្មេងល្បីៗជាច្រើនរូប។ក្នុងរឿងនេះលោកសម្តែងជាតួអង្គឈ្មោះ ដេវីត ជាអ្នកដឹកនាំរឿង មានអត្តចរិកម៉ឺងម៉ាត់ ម៉ត់ចត់ការងារ ស្មោះត្រង់រឿងស្នេហា តែខូចខិលរឿងស្រីបន្តិច។

 

 

តារាសម្តែង និងជាតារាបង្ហាញម៉ូដរូបនេះថា ខ្លួនរំពឹងខ្ពស់ចំពោះរឿងភាគខ្នាតធំ «លួចស្នេហ៍គូដណ្តឹង» ព្រោះសាច់រឿងល្អ ប្ររទាក់ប្រឡាគញនាពីមួយវគ្គទៅមួយវគ្គ ហើយតារាសម្តែងក្នុងរឿងនេះសុទ្ធសឹងជាអ្នកមានបទពិសោធន៍ក្នុងការសម្តែង បើទោះបីមានតារាសម្តែងថ្មីខ្លះតែគ្រប់គ្នាសុទ្ធតែមានទេពកោសល្យសម្តែងបានយ៉ាងល្អ។

 

 

ក្រៅពីរឿង «លួចស្នេហ៍គូដណ្តឹង» ធីប ក៏ត្រៀមថតរឿងថ្មី ២ ទៀតដែរ មួយជារឿងភាគ មួយទៀតជារឿងដុំសម្រាប់ចាក់ក្នុងរោងភាពយន្ត។ រឿង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024