ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រោយផ្ទុះការគាំទ្រតាមបណ្ដាញសង្គម និងការស្នើសុំពីអ្នកគាំទ្រតារាវ័យក្មេងច្រៀងតាម អកកាដង់ម្នាក់ ត្រៀមបោះជំហានការប្រឡងចម្រៀងនានា!

២៤ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

តារាចម្រៀងវ័យក្មេងដែលកំពុងប្រកបអាជីពតាមវង់តន្ត្រី អកកាដង់មួយលោក ងួន វីរ៉ាវណ្ណ ក្រោយការផ្ដល់កម្លាំងពីអ្នកគាំទ្រ និងកំពុងទទួលការគាំទ្រតាមបណ្ដាញសង្គមលោកត្រៀមនឹងប្រឡូកចូលការប្រកួតប្រជែងប្រឡងចម្រៀងកម្មវិធីនានា ក្នុងពេលឆាប់ៗខាងមុខ។


តារាចម្រៀងវ័យក្មេងម្នាក់គឺលោក ងួន វីរ៉ាវណ្ណ ដែលជាតារាចម្រៀងកំពុងប្រកបអាជីពជាអ្នកចម្រៀងតាម អកកាដង់ ត្រៀមរៀបចំខ្លួនដើម្បីប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងនានាតាមបណ្ដាកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀត។

 

ការបញ្ជាក់បែបនេះពីសំណាក់តារាចម្រៀង ច្រៀងតាម អកកាដង់ ក្នុងក្រុមតន្ត្រីសម័យ ប៉ុន សមវត្តី ដែលមានមូលដ្ឋាននៅខេត្ត កំពង់ចាម បន្ទាប់ពីលោកផ្ទុះការគាំទ្រពីសំណាក់ទស្សនិកជនតាមបណ្ដាញសង្គម Facebook និង Tiktok ជាដើម ដោយក្នុងនោះបណ្ដាទស្សនិកជក និងអ្នកគាំទ្រស្នើឱ្យលោកបោះជំហានទៅកាន់ការប្រឡងកម្មវិធីនានាព្រោះតែមានទឹកដមសំនៀងល្អ រួមនឹងការតស៊ូក្នុងអាជីពចម្រៀងមួយនេះ។

 

តារាវ័យក្មេងលោក ងួន វីរ៉ាវណ្ណ  បានបង្ហាញពីអារម្មណ៍សប្បាយរីករាយនៅពេលឃើញបងប្អូន ទស្សនិកជនបានផ្ដល់តម្លៃ និងការគាំទ្រកន្លងមក បើទោះជាលោកនៅមានកម្រិតមួយក៏ដោយ។ លោកបានប្ដេជ្ញាចិត្តថានឹងបំពេញក្ដីស្រមៃរបស់ខ្លួន និងការស្នើសុំរបស់ទស្សនិកជន ដែលចង់ឱ្យខ្លួនបោះជំហានចូលប្រកួតប្រជែងកម្មវិធីប្រឡងចម្រៀងនានា។

 

 

តារាចម្រៀងទើបមានវ័យ ១៨ឆ្នាំរូបនេះ កំពុងរៀបចំខ្លួន ក៏ដូចជាការត្រៀមលក្ខណៈនានាឱ្យបានល្អបំផុត ហើយប្រសិនបើមានកម្មវិធីប្រកួតប្រជែងណាមួយដែលចុះមកជ្រើសរើស និងប្រឡងដល់ទីតាំងក្នុងខេត្តរបស់ខ្លួននោះលោកនឹងដាក់ពាក្យប្រកួតប្រជែងតែម្ដង។

 

 

តារាវ័យក្មេងរូបសង្ហាខាងលើ កំពុងមានទឹកចិត្តចង់ចូលរួមប្រកួតប្រជែងជាខ្លាំងក្រោយពីបណ្ដាបងប្អូនទស្សនិកជនតាមបណ្ដាញសង្គមផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្ត។ ក្នុងនោះលោកពិតជារីករាយននឹងអ្វីដែលទស្សនិកជនកំពុងផ្ដល់តម្លៃនាពេលនេះ បើទោះជាការប្រគួតប្រជែងនាថ្ងៃខាងមុខជាប់ ឬធ្លាក់ក៏លោកមិនមានអ្វីជាការសោកស្ដាយនោះដែរ។

 

 

ទស្សនិកជន និងអ្នកគាំទ្រតាមបណ្ដាញសង្គម បានបង្ហាញពីការជឿជាក់ថាប្រសិនបើ ងួន វីរ៉ាវណ្ណា ចូលប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងណាមួយនឹងលោកនឹងទទួលបានលទ្ធផល ព្រោះតែពួកគេជឿជាក់ថាសមត្ថភាពតារាចម្រៀងវ័យក្មេងរូបនេះ បូករួមនឹងសម្រស់ស្រស់សង្ហាពិតជាអាចទាក់ទាញ មហាជន និងគណៈកម្មការផ្ដល់ពិន្ទុបាន។

 

 

សូមបញ្ជាក់ថាតាមរយៈបណ្ដាញសង្គម យុវជន ងួន វីរ៉ាវណ្ណ គឺជាតារាចម្រៀងលេចធ្លោជាងគេក្នុងក្រុមតន្ត្រីសម័យ ប៉ុន សមវត្តី។ ក្នុងនោះជារឿយៗលោកតែងតែទទួលការគាំទ្រច្រើនពីបងប្អូនខ្មែរតាមបណ្ដាកម្មវិធី មង្គលការ និងកម្មវិធីផ្សេងៗទៀតរាល់ការឡើងបកស្រាយបទចម្រៀងម្ដងៗ៕

 

 

អត្ថបទ៖ ម៉ារិសា រូបភាព៖ ផ្ដល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024