ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥

 បវរកញ្ញាវ័យក្មេង ហាមមើឡិត វ៉េណេសា បង្កើតប្រវត្តិសាស្ត្រថ្មីម្ដងទៀត នាំមកុដ World Junior Tourism Ambassador មកកម្ពុជា

៣០ មិថុនា ២០២៥ | កម្សាន្ដ

 

ដូចការរំពឹងទុក បវរកញ្ញាវ័យក្មេងកម្ពុជាវ័យ៨ឆ្នាំ ហាមមើឡិត វ៉េណេសា បានបើកទ្វារប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយបានឈ្នះ World Junior Tourism Ambassador  ២ឆ្នាំផ្ទួនៗពីឆាកអន្តរជាតិ។

 

 

កម្មវិធីប្រកួតប្រជែងសម្រស់សម្រាប់បវរកញ្ញាវ័យក្មេង World Junior Tourism Ambassador 2025 ដែលរៀបចំធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់ទៅដោយជោគជ័យ ដោយបវរកញ្ញាវ័យក្មេងកម្ពុជាយើង ហាមមើឡិត វ៉េណេសា បានឈ្នះមកុដពីកម្មវិធីអន្តរជាតិដ៏ធំនេះ។

 

 

បវរកញ្ញាវ័យក្មេងកូនកាត់ខ្មែរ-បារាំង ហាមមើឡិត វ៉េណេសា បានក្លាយជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេដែលអាចបង្កើតប្រវត្តិសាស្រ្ត B2B (Back to Back) ក្នុងការនាំយកមកុដ Royal Grand Winner World Junior Tourism Ambassador 2025 ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបវរកញ្ញាវ័យក្មេង ថៃ ដារ៉ូត ដែលជាម្ចាស់មកុដ World Junior Tourism Ambassador 2024 កាលពីឆ្នាំមុន។

 

 

លើឆាកប្រកួតអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី បវរកញ្ញាវ័យក្មេងកម្ពុជា ថៃ ដារ៉ូត បានផ្ទេរមកុដរបស់ខ្លួនទៅកាន់ ហាមមើឡិត វ៉េណេសា ដោយមោទនភាព ដែលកម្ពុជាយើងមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងរហូតអាចឈ្នះមកុដអន្តរជាតិ ២ឆ្នាំផ្ទួនៗគ្នាយ៉ាងដូច្នេះ។

 

 

នេះសរបញ្ជាក់ឱ្យឃើញពីភាពសមត្ថភាពការដើរ ការប្រើប្រាស់ភាសា ភាពក្លាហានក្នុងការប្រកួតប្រជែង ជួបផ្សំភាពជឿជាក់ និងការស្រាវជ្រាវអំពីកម្មវិធីប្រកួតយ៉ាងល្អិតល្អន់មុនឈានដល់ការឈ្នះមកុដ។

 

 

ស្ថិតនៅបរិវេនច្រកចេញព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ មិថុនា ម្សិលមិញ វ៉េណេសា បាននាំយកមកុដជយលាភី Grand Winner World Junior Tourism Ambassador 2025 ជាមកុដជយលាភីធំជាងគេបង្អស់ក្នុងការប្រកួត និងពានរង្វាន់ពិសេស 1st Runner up Best in National Costume ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ជាមួយអារម្មណ៍រំភើបពេកក្រៃដែលបានឈ្នះនាំយកភាពជោគជ័យមកកាន់ប្រទេសជាតិវិញតាមការរំពឹងទុក។

 

 

ស្របពេលដែលកូនស្រីបណ្តូលចិត្តនាំយកមកុដ Royal Grand Winner World Junior Tourism Ambassador 2025 ត្រឡប់មកកម្ពុជាវិញ អ្នកម្តាយរបស់ វ៉ាណេសា រំភើបខ្លាំងដល់ស្រក់ទឹកភ្នែកពេលឃើញកូនស្រីអាយុទើប៨ឆ្នាំ មានឆន្ទៈមុះមុតក្នុងការប្រកួតរហូតឈ្នះមកុដអន្តរជាតិ ដែលនេះជាមុខមាត់ដ៏ធំធេងសម្រាប់កម្ពុជាយើងលើវិស័យសម្រស់សម្រាប់ផ្នែកបវរកញ្ញាវ័យក្មេង។

 

 

លោក ម៉ាតសៀវ តាន់ អ្នកគ្រប់គ្រងថ្នាក់ជាតិ និងស្ថាបនិក The RAMP Academy ចាត់ទុកលទ្ធផលដែល វ៉ាណេសា ទទួលបាននាពេលនេះជាមោទនភាពដ៏ធំធេង ព្រោះក្មេងស្រីកម្ពុជារូបនេះបានធ្វើឱ្យពិភពលោកឃើញពីសមត្ថភាពដ៏ខ្លាំងពូកែរបស់បវរកញ្ញាវ័យក្មេងកម្ពុជា ដែលមានទាំងសម្រស់ សក្កានុពល និងចំណេះដឹង។ នាងតូចរូបនេះបានពាំនាំនូវសិល្បៈវប្បធម៌ ជីវៈចម្រុះ និងភាពស្រស់ស្អាតនៃដែនដីខេត្តកំពត ទៅបង្ហាញលើឆាកអន្តរជាតិជាមួយថាមពលដ៏អស្ចារ្យក្នុងការប្រកួតប្រជែង ទើបធ្វើឱ្យនាងឆក់បានមកុដ Royal Grand Winner World Junior Tourism Ambassador 2025 ដែលលើសពីការរពឹងទុកទៅទៀត។

 

 

សូមជម្រាបឱ្យដឹងផងដែរថា ក្រោយឈ្នះមកុដ Royal Grand Winner World Junior Tourism Ambassador 2025 កូនកាត់ខ្មែរ-បារាំងវ័យ ៨ឆ្នាំ ហាមមើឡិត វ៉េណេសា នឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជិតខាង និងមានគម្រោងចេញទៅចូលរួមកម្មវិធី fashion show នៅប្រទេសវៀតណាម នាខែបន្ទាប់ទៀតផងដែរ។ 

 

 

វ៉េណេសា ប្តេជ្ញាចិត្តថា នឹងនាំយកភាពរស់រវើកនៃសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញឱ្យពិភពលោកបានឃើញ ពិសេសស្នាមញញឹមដ៏ផ្អែមល្អែមនៃប្រជាជនកម្ពុជាដែលស្រស់ស្អាតទាំងក្នុង និងក្រៅ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025