ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកគាំទ្រប្រតិកម្មខ្លាំងលើកាលវិភាគចេញចម្រៀងដូចព្យុះរបស់ផលិតកម្ម SM នៅចុងឆ្នាំនេះ

២៤ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

 ការវិលត្រឡប់ជាច្រើនហូរហែដោយគ្មានការផ្សព្វផ្សាយគ្រប់គ្រាន់របស់តារាចម្រៀងទោល និងក្រុមចម្រៀងក្រោមផលិតកម្ម SM នៅអំឡុងចុងឆ្នាំនេះ នាំឲ្យមានការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ។


ខណៈដែលផលិតកម្មកូរ៉េ SM មានប្រមូលផ្ដុំទៅដោយតារាចម្រៀងទោល និងក្រុមចម្រៀងពោរពេញដោយទេពកោសល្យជាច្រើនដែលអាចអូសទាញអ្នកគាំទ្របានមកពីគ្រប់ទិសទី ប៉ុន្តែថ្មីៗនេះអ្នកគាំទ្របានបង្ហាញការត្អូញត្អែរអំពីការរៀបចំកាលវិភាគចេញបទចម្រៀងផ្ទួនៗពេកពីផលិតកម្មយក្សមួយនេះ។

 

 

អ្នកគាំទ្របានកត់សម្គាល់ថាការចេញបទចម្រៀងថ្មីរបស់តារាៗក្រោមផលិតកម្ម SM (អេសអឹម) គឺមានរយៈពេលកៀកគ្នាយ៉ាងខ្លាំង។ ជាក់ស្ដែងកំពូលតារាចម្រៀងទោល BoA (បូអា) បានចេញបទចម្រៀងថ្មីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ហើយប្រាំមួយថ្ងៃបន្ទាប់នឹងជាការចេញបទចម្រៀងថ្មីរបស់ក្រុមចម្រៀងនារី Red Velvet (រ៉េដ វេលវ៉េត)។ 

 

 

មិនទាន់ចប់នៅឡើយទេ នៅមានការវិលត្រឡប់របស់ក្រុមចម្រៀងបុរស WayV (វ៉េវី) នៅថ្ងៃទី៩ ខែធ្នូ ចំណែកអាល់ប៊ុមចម្រៀងទោលដំបូងរបស់ Minho (មីនហូ) របស់សមាជិកក្រុម SHINee (សាយនី) ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ខណៈក្រុមចម្រៀងបុរស NCT Dream (អេនស៊ីធី ដ្រីម) នឹងវិលត្រឡប់ជាមួយអាល់ប៊ុមចម្រៀងពិសេសនៅថ្ងៃទី១៩ ខែធ្នូ។

 


ការវិលត្រលប់ផ្ទួនៗគ្នាបែបនេះធ្វើឱ្យបទចម្រៀងខ្លះមិនត្រូវបានផ្សព្វផ្សាយឱ្យបានត្រឹមត្រូវនោះឡើយ ខណៈក្រុមខ្លះអ្នកគាំទ្របានទន្ទឹងរង់ចាំរាប់ឆ្នាំ ប៉ុន្តែពេល Comeback បែរជាមានលក្ខណៈប្រថុចញ៉ុច និងមានរយៈពេលត្រឹមមួយប៉ព្រិចភ្នែកក៏បញ្ចប់។ មិនតែប៉ុណ្ណោះអាល់ប៊ុមខ្លះដូចជាអាល់ប៊ុមថ្មីរបស់ Red Velvet បានដាច់ស្តុកមិនអាច Pre-order បានប៉ុន្តែក៏មិនមានដំណោះស្រាយភ្លាមៗពីផលិតកម្មឡើយ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024