ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ស៊ីន ជេននី ថតរឿងលើកដំបូង ស៊ីន យូប៊ីន ជ្រោមជ្រែងដល់ម្លឹង

១៧ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

«លួចស្នេហ៍គូដណ្តឹង» ស្នាដៃរឿងភាគទី១ របស់ ស៊ីន ជេននី ចាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN ហើយ។ យ៉ាងណាទម្រាំតែអាចបញ្ចប់ស្នាដៃរឿងនេះ ជេននី ទទួលការជ្រោមជ្រែងយ៉ាងច្រើនពីរៀមច្បង និងក្រុមការងារផលិត ពិសេស ស៊ីន យូប៊ីន ដែលជាបងស្រីបង្កើតតែម្តង។ក្រោយចំណាយពេលរង់ចាំអស់រយៈពេលជាយូរ ទីបំផុតរឿង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ចាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិនហើយ។ 

 


ក្រៅពី ខាត់ វ៉ៃហាំង និងស៊ីន យូប៊ីន ជាតួឯកប្រុសស្រីហើយនោះ នៅមានតារាល្បីៗជាច្រើនទៀតក៏បានចូលរួមសម្តែងក្នុងរឿងភាគនេះ ញ៉ាំងឱ្យសាច់រឿងកាន់តែប្រទាក់ក្រឡា កាន់តែល្អមើល។ គួរឱ្យចាប់អារម្មណ៍ ក្នុងរឿងនេះក៏មានការចូលរួមសម្តែងដោយស្រីស្អាត ស៊ីន ជេននី ដែលជាប្អូនស្រីបង្កើតតែម្នាក់របស់ កញ្ញា ស៊ីន យូប៊ីន ផងដែរ។ផ្តល់កិច្ចសម្ភាសន៍ជាមួយកម្មវិធី «ជីវិតកម្សាន្ត» កាលពីពេលថ្មីៗ ប្អូនស្រី យូប៊ីន ថា វាពិតជាលំបាក និងមានសម្ពាធខ្លាំងណាស់សម្រាប់នាង ព្រោះជាការសម្តែងលើកទី១ និងជាលើកដំបូងបង្អស់ក្នុងជីវិត។

 

 

គ្រប់យ៉ាងជាបទពិសោធន៍ថ្មីសុទ្ធសាធដែលនាងមិនធ្លាប់ជួបពីមុនមកទាល់តែសោះ តែដោយសារបានការជួយជ្រោមជ្រែង និងជួយបង្ហាត់បង្រៀនច្រើនពីរៀមច្បង និងក្រុមការងារផលិត ទើបនាងអាចសម្រេចសមិទ្ធិផលរឿងភាគ «លួចស្នេហ៍គូដណ្តឹង» នេះបាន។ ជេននី បន្តថា អំឡុងពេលសម្តែងលោក ខាត់ វ៉ៃហាំង ជួយបង្រៀននាងច្រើនណាស់ ចំណែកឯបងស្រីបង្កើតវិញជួយនាងកាន់តែច្រើន សូម្បី Stylist សម្លៀកបំពាក់ ហើយទោះបីរវល់ប៉ុណ្ណាក៏ឆ្លៀតរត់មកជួយតប៉ារូលរឿងឱ្យនាងទៀត នេះហើយដែលហៅថា ទឹកចិត្តបងស្រីចំពោះប្អូន។

 


ស៊ីន ជេននី ដែលជាពន្លកតារាសម្តែងថ្មីសង្ឃឹមថា ទស្សនិកជន នឹងគាំទ្រស្នាដៃរឿងភាគដំបូងដែលនាងសម្តែង ហើយប្រសិនមានកន្លែងខ្វះខាតក៏អាចចូលរួមរិះគន់ក្នុងន័យស្ថាបនាបាន ដើម្បីឱ្យនាងមានឱកាសអភិវឌ្ឍន៍សមត្ថភាពសម្តែងរបស់ខ្លួនឯង។

 

 

ឆ្លៀតឱកាសនេះ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ PNN ដែលតែងតែផ្តល់ឱកាសឱ្យក្មេងជំនាន់ក្រោយដែលស្រលាញ់វិស័យសិល្បៈដូចរូបនាង ឱ្យមានឱកាសចាប់ឈោងយកក្តីស្រម៉ៃរបស់ខ្លួន ហើយក៏អរគុណដល់ក្រុមការងារផលិតរបស់ LD ដែលស្រលាញ់ និងជួយបង្ហាត់បង្រៀនរហូតមក។រឿង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024