ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ក្រោយចំណាយពេលរង់ចាំអស់រយៈពេលជាយូរ ទីបំផុត រឿង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ជាជំនួបឡើងវិញជាថ្មីរបស់ ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ចាប់ចាក់បញ្ចាំងយប់នេះតទៅហើយ។ រឿងភាគខ្នាតធំថ្មីមួយទៀតរបស់ស្ថានីយ៍ទូរទស្សន៍ទំនើប PNN ចំណងជើង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» ជាជំនួបឡើងវិញជាថ្មីរបស់តារាសម្តែងឆ្នើមទាំងពីរូបគឺ លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ចាប់ចាក់បញ្ចាំងពីយប់នេះតទៅហើយនៅលើកញ្ចក់តូរទស្សន៍ PNN។
តាមការឱ្យដឹងពីតួឯកប្រុសស្រីទាំងពីររូប ក្នុងព្រឹត្តិការណ៍ PNN Showcase 2023 រឿង «លួចស្នេហ៍គូដណ្តឹង» ត្រូវផលិតឡើងដោយផ្អែកតាមធាតុពិតរបស់អ្នកទាំងពីរស្ទើរតែ១០០% ដូច្នេះ ពេលទស្សនិកជនបានទស្សនារឿងនេះ ដូចមើលឃើញធាតុពិតរបស់ វ៉ៃហាំង និង យូប៊ីន។ ទៀតសោត រឿងនេះត្រូវផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងគុណភាព និងបច្ចេកទេស ដែលនឹងផ្តល់នូវផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកជូនដល់ទស្សនិកជនអ្នកគាំទ្ររឿងភាគខ្មែររបស់ PNN។
តួឯកស្រី អេឡា សម្តែងដោយ ស៊ីន យូប៊ីន ថា រឿងនេះមានបង្កប់អត្ថន័យអប់រំជាច្រើនដល់អ្នកមើល លាយឡំដោយឈុតឆាកស្នេហាផ្អែមល្អែម ជូរចត់ ការភាន់ច្រឡំ និងភាគកំប្លុកកំប្លែងដែលនឹងឱ្យអ្នកទស្សនាជក់ចិត្តមិនទស្សនារឿងនេះមិនបាន។ ជាក់ស្តែង គ្រាន់តែបើកឆាកភាគ១ភ្លាម ទស្សនិកជននឹងបានឃើញពីរឿងរ៉ាវចាក់ស្ត្រេសនៃសាច់រឿងទាំងមូលដែលនឹងប្រទាក់គ្នាពីដើមដល់ចុងបញ្ចប់នៃសាច់រឿង។ វ៉ៃហាំង តួឯកប្រុសឈ្មោះ ខេមរិទ្ធ បន្ថែម។
ដោយសារជាដៃគូរចាស់ ហើយម្នាក់ៗសុទ្ធសឹងជាតារាសម្តែងអាជីព ធ្វើឱ្យថតរឿងនេះដំណើរការទៅយ៉ាងរលូន និងមិនសូវជួបផលលំបាកច្រើនទេ។ ម៉្យាង រឿងនេះឆ្លុះបញ្ចាំងពីភាពពិតៗផងនោះ ធ្វើឱ្យការសម្តែងកាន់តែល្អប្រសើរជាងរឿងសព្វមួយដង ព្រោះ វ៉ៃហាំង ហ៊ានអះអាងថា តួអង្គ អេឡា ដែល យូប៊ីន សម្តែងនោះគឺ យូប៊ីន ជីវិតពិត ១០០% តែម្តង។
យ៉ាងណាមិញ អ្នកទាំងពីរបានលះបង់កម្លាំងកាយចិត្តច្រើនណាស់ ដើម្បីថតរឿងនេះ តួយ៉ាងប្លង់ណាដែលលំបាកៗដែលអ្នកដឹកនាំរឿងតម្រូវឱ្យមានតួជំនួស ក៏អ្នកទាំងពីរសុទ្ធចិត្តស៊ូទ្រាំថតដោយខ្លួនឯង ដើម្បីឱ្យសាច់រឿងចេញមកដូចពិតៗ។ចង់ដឹងថា រឿង «លួចស្នេហ៍គូដណ្តឹង» ល្អមើលកម្រិតណានោះ កុំភ្លេចរង់ចាំតាមដានទស្សនារឿងនេះលើកញ្ចក់ទូរទស្សន៍ទំនើប PNN ចាប់ពីយប់នេះតទៅ វេលាម៉ោង ៨ យប់៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច