ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ភាពយន្តថ្មីមួយរបស់ហូលីវូដរឿង "The Good Nurse" (ដឺ ហ្គូត នឺស) បានឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតរបស់ឃាតករដៃឆៅដែលបានសម្លាប់អ្នកជំងឺរាប់រយនាក់ ពេលបម្រើការងារជាគិលានុបដ្ឋាកនៅមន្ទីរពេទ្យមួយក្នុងសហរដ្ឋអាមេរិក។
រឿងរ៉ាវពិតនៃគិលានុបដ្ឋាកប្រុសដែលបានសម្លាប់អ្នកជំងឺរាប់រយនាក់នៅឯមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក ត្រូវបាននាំយកមកបង្ហាញលើអេក្រង់ទូរទស្សន៍តាមរយៈភាពយន្តថ្មីមួយមានចំណងជើងថា "The Good Nurse" (ដឺ ហ្គូត នឺស)។
ផលិតចេញពីសៀវភៅរឿង "The Good Nurse" (ដឺ ហ្គូត នឺស) មានដំណើររឿងជុំវិញគិលានុបដ្ឋាកយិកានៃផ្នែកសង្គ្រោះបន្ទាន់ឈ្មោះថា Amy Loughren (អេមមី ឡរ៉េន) ដែលបានជួយបើកកកាយនូវអំពើឃាតកម្មជាស្នាដៃរបស់មិត្តរួមការងារនាងឈ្មោះថា Charles Cullen (ឆាលស៍ ខុលឡេន)។
ភាពយន្តនេះមានចូលរួមសម្ដែងដោយម្ចាស់ពានរង្វាន់អូស្ការតារាស្រី Jessica Chastain (ជេស៊ីកា ឆាស្ទៀន) និងតារាសម្ដែងប្រុស Eddie Redmayne (អេដឌី រ៉េតម៉េន) ដែលជាម្ចាស់ពានរង្វាន់អូស្ការដូចគ្នា។
"The Good Nurse" (ដឺ ហ្គូត នឺស) ជាស្នាដៃរបស់អ្នកដឹកនាំរឿងឈ្មោះ Tobias Lindholm (ថូបៀស លីនហូម) ដែលជាអ្នកនិពន្ធភាពយន្តឈ្នះពានរង្វាន់អូស្ការរបស់ប្រទេសដាណឺម៉ាក ហើយនេះគឺជាភាពយន្តដំបូងរបស់លោកដែលមានប្រើប្រាស់ភាសាអង់គ្លេស។
"The Good Nurse" (ដឺ ហ្គូត នឺស) នឹងចាប់ផ្ដើមចាក់បញ្ចាំងលើសេវាកម្ម Netflix នៅថ្ងៃទី២៦ ខែតុលា ក្រោយពីបានធ្វើការសម្ពោធចាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងឡុងដ៏រួច៕
ប្រែសម្រួល៖ វ៉ាន់ថន