ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មហាអំណាចចិន ចូលរួមចំណែក ៣៨% នៃកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ

០៥ តុលា ២០២២ | សេដ្ឋកិច្ច

 

 

បើតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ប្រទេសចិន ទទួលបានសមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយជាពិសេស ការបង្កើនកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១២ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក។

 


របាយការណ៍បានឱ្យដឹងទៀតថា ផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសចិន បានពង្រីកក្នុងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៦,៦% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២១ ដែលខ្ពស់ជាងល្បឿនកំណើន ២,៦% សម្រាប់សេដ្ឋកិច្ចពិភពលោក និង ៣,៧% សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នៅក្នុងប្រទេសចិន ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ បានកើនឡើងដល់ជាង ១ម៉ឺន ១ពាន់ដុល្លារអាមេរិក កាលពីឆ្នាំ ២០២១ កើនឡើង ៧០% ធៀបនឹងឆ្នាំ ២០១២។

 


ចាប់តាំងពីឆ្នាំ ២០១២ មក GDP របស់ប្រទេសចិន នៅតែជាធំទី ២ ក្នុងពិភពលោក ហើយការរួមចំណែករបស់សេដ្ឋកិច្ចចិន នៅក្នុងទំហំសេដ្ឋកិច្ចសរុបរបស់ពិភពលោក បានកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំ ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានឈានដល់ ១៧ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង ១៨% នៃចំនួនសរុបរបស់ពិភពលោក។

 

 

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ ប្រទេសចិន បានកើនឡើងពី ៤ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១២ ដល់ ៥ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលវ៉ាដាច់ សហរដ្ឋអាមេរិក ជាលើកដំបូង ហើយចិនបានក្លាយជាប្រទេសពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក នាពេលនោះ។ លើសពីនេះ ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ប្រទេសចិន បានកើនឡើងដល់ជិត ៧ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដោយបន្តឈរនៅលំដាប់កំពូលនៃពិភពលោក។

 


លើសពីនេះ ការវិនិយោគផ្ទាល់ពីបរទេសដែលបានបោះទុននៅក្នុងប្រទេសចិន បានកើនឡើងពី ១១៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២ ដល់ ១៧៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៤% ដែលជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក។សូមបន្ថែមថា កំណើនរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បានប្រែក្លាយខ្លួនទៅជាតួអង្គសំខាន់ក្នុងពាណិជ្ជកម្មពិភពលោក ទាំងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ និងជាអ្នករួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅទូទាំងពិភពលោក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024