ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
តារាសម្តែងរូបសង្ហា និងជា Mister Supranational 2022 ឡៅ បញ្ញា ចាប់ផ្តើមលេចមុខខ្លាំងនៅក្នុងពិភពសិល្បៈ បន្ទាប់ពីត្រឡប់មកពីប្រកួតនៅក្រៅប្រទេសវិញ រហូតធ្វើឱ្យលោកសម្រេចចិត្តឈប់ពីអាជីពគ្រូបង្ហាត់កីឡាមួយរយៈ ដើម្បីទុកពេលវេលាតាមរកក្តីស្រមៃធំរបស់ខ្លួននៅក្នុងវិថីសិល្បៈ ។
បុរសឯករូបនេះ មិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ លោកថែមទាំងមានទេពកោសល្យសម្តែង និងជាតារាបង្ហាញម៉ូដដ៏លេចធ្លោមួយរូប ដែលមានប្រជាប្រិយភាពខ្ពស់។ ជាក់ស្តែងតាំពីបានចេញទៅប្រកួតក្នុងកម្មវិធី Mister Supranational 2022 នៅប្រទេស ប៉ូឡូញ កាន់តែធ្វើឱ្យលោកមានមុខមាត់ខ្លាំងនៅលើវិថីសិល្បៈ និងត្រូវបានបណ្តាក្រុមហ៊ុន និងម្ចាស់ផលិតផលធំៗជាច្រើនពេញចិត្ត និងហៅថតផ្សព្វផ្សាយពាណិជ្ជកម្ម ។
លោក ឡៅ បញ្ញា ក៏ជាគ្រូបង្ហាត់កីឡាម្នាក់ល្បីឈ្មោះផងដែរមុននឹងលោកប្រលូកក្នុងវិស័យសិល្បៈ។ ដូច្នេះហើយទើបលោកមានរូបរាងស្រស់សង្ហាមិនចាញ់តារាបរទេស សូម្បីតែពេលទៅប្រកួតនៅក្រៅប្រទេស លោកទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន ។
តែអ្វីដែលគួរឱ្យសោកស្តាយនោះ ស្របពេលដែលជីវិតកំពុងតែឡើងខ្លាំងក្នុងវិស័យសិល្បៈ ស្រាប់តែលោក ឡៅ បញ្ញា មានបំណងចង់ឈប់ពីអាជីពគ្រូបង្ហាត់កីឡាទៅវិញ ។ តារាម៉ូដែលរូបនេះ បានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ លោកពិតជាចង់ឈប់ពីអាជីពជាគ្រូបង្ហាត់កីឡាមែន ពីព្រោះតែលោករវល់ការងារផ្សេង ។
ឆ្នាំនេះលោក ឡៅ បញ្ញា មានវ័យ ២៤ ឆ្នាំហើយ ក្រៅពីពង្រឹងអាជីពសិល្បៈឱ្យរឹងមាំលោកមានបំណងនឹងតាមរកក្តីស្រមៃធំៗជាច្រើនផ្សេងទៀតក្នុងវិស័យនេះ ប៉ុន្តែលោក ឡៅ បញ្ញា នៅពុំទាន់ប្រាប់ថា ក្តីស្រមៃធំរបស់ខ្លួនគឺជាអ្វីនោះទេ លោកថា ចាំក្តីស្រមៃនោះក្លាយជាការពិតហើយ លោកនឹងបង្ហាញ ទស្សនិកជននៅពេលក្រោយ ។
លោក ឡៅ បញ្ញា ក៏ធ្លាប់លេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ផងដែរកាលពីពេលថ្មីៗនេះតាមរយៈរឿង « ជំពប់សម្តីជំពាក់បេះដូង » ដោយលោកសម្តែងជាគ្រូកីឡា ដែលមានរូបសង្ហា មាននារីជាច្រើនប្រាថ្នាជាគូ រឿងនេះបានធ្វើឱ្យ ឡៅ បញ្ញា កាន់តែលេចមុខខ្លាំងនៅក្នុងពិភពសម្តែង រហូតត្រូវបានផលិតកម្មជាច្រើនហៅលោកថតជាបន្តបន្ទាប់ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា និង ហ្វេសប៊ុក