ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ស្របពេលវិលត្រឡប់មកកាន់ឆាកសម្តែងឡើងវិញ គឹម លីហ្សា ក៏បានអះអាងថា ចំណងស្នេហ៍ខ្លួននិងស្វាមីនៅល្អដូចដើមពុំមានបញ្ហាលែងលះគ្នានោះទេ ។ មួយរយៈពេលចុងក្រោយនេះតារាស្រី គឹម លីហ្សា បានបង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា នាងនៅលីវ រវាងនាងនិងស្វាមីបានបែកបាក់គ្នាហើយ មិនថាពេលទៅជួបជុំមិត្តភក្តិ នាងតែងតែប្រាប់មិត្តភក្តិថា នាងលែងលះជាមួយស្វាមីហើយ ។
ចំពោះរឿងនេះនៅតែធ្វើឱ្យទស្សនិកជនមានការសង្ស័យថា តារាស្រីរូបនេះសម្តែងដើម្បទាញយកប្រជាប្រិយភាពប៉ុណ្ណោះ ពីព្រោះជាញឹកញាប់គេឃើញនាងទៅណាមកណាជាមួយស្វាមី សូម្បីតែពេលក្រុងពាលីសាងសង់ផ្ទះថ្មីក៏មានវត្តមានស្វាមីរបស់នាងផងដែរ ។
ដើម្បីបញ្ចប់នូវព័ត៌មានខាងលើ គឹម លីហ្សា បានបញ្ជាក់ជាថ្មីម្តងទៀតថា ទំនាក់ទំនងនាងនិងស្វាមី នៅតែល្អដូចដើម មិនមានបញ្ហាលែងលះទេ ។ក្រោយពីបញ្ជាក់ច្បាស់ពីរឿងគ្រួសាររបស់ខ្លួនថាមិនមានបញ្ហាបែកបាក់ គឹម លីហ្សា ក៏បានហក់មកចាប់អាជីពសម្តែងឡើងវិញ ដោយនាងបានថតជាវិដេអូខ្លីៗបង្ហោះនៅលើ ហ្វេសប៊ុក របស់ខ្លួនដែលមានអ្នកមើលរាប់លាននាក់ ។
ដោយសារមិនឃើញសន្ទុះនៃការគាំទ្រខ្លាំងបែបនេះ គឹម លីហ្សា ក៏សម្រេចចិត្តប្រលូកក្នុងឆាកសម្តែងជាមួយតារាកំប្លែង នាយ ពែក មី ។គឹម លីហ្សា បានប្រាប់ថា តាំងពីសម្រេចចិត្តចូលថតរឿងឡើងវិញ នាងមានអារម្មណ៍កាន់តែស្រឡាញ់និងចូលចិត្តវិស័យនេះ នាងរំពឹងថា ទស្សនិកជននឹងនៅគាំទ្រនាងដូចដើម ។
បច្ចុប្បន្ន គឹម លីហ្សា គឺជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់ មានទាំងហាងម្ជូរ លក់ផលិតផលកៅអៀក , លក់ខ្លាញ់ក្រពើ និងបើកហាងអាហារសមុទ្រ អាជីវកម្មទាំងនេះបានធ្វើឱ្យជីវភាពនាងកាន់តែធូធារឡើង ដូច្នេះហើយទើបធ្វើឱ្យ គឹម លីហ្សា មិនទាន់សម្រេចចិត្តនៅក្នុងការវិលត្រឡប់ទៅរស់នៅ ប្រទេស អូស្រ្តាលី តាមស្វាមីរបស់ខ្លួនវិញ ។
គឹម លីហ្សា ថា ពេលនេះរវល់រកស៊ី មិនទាន់ទៅ អូស្រ្តាលី បានទេ ម្យ៉ាងវិញទៀត នាងបានដាក់កូនៗឱ្យចូលសាលានៅស្រុក ខ្មែរ ហើយ បើមានឱកាសល្អនាងនឹងត្រឡប់ទៅទឹកដី អូស្រ្តាលី វិញ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក